ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីថ្ងៃទី២២ ខែកញ្ញាបានប្រកាសថា នឹងផ្តល់ជូនបុគ្គលិករបស់អង្គការសហប្រជាជាតិ ទាំងអស់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយអត់គិតថ្លៃ។
នៅក្នុងឃ្លីបវីដេអូ ស្តីពីសុន្ទរកថា នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ប្រធានាធិបតី រុស្ស៊ីលោកពូទីនបានបញ្ជាក់ថា «គួរតែបញ្ចប់រាល់ការដាក់ទណ្ឌកម្មខុសច្បាប់»ដល់ប្រទេសមួយចំនួនដូចជារុស្ស៊ី ដើម្បីជំរុញសេដ្ឋកិច្ច ពិភពលោក ដែលកំពុងរងផលប៉ះពាល់ដោយសារតែកូវីដ-១៩ ក៏ដូចជាបង្កើនការងារធ្វើឲ្យបានច្រើន។
លោកពូទីនបានបញ្ជាក់ទៀតថា ភាពចាំបាច់នៅពេលនេះគឺ សហប្រតិបត្តិការពហុភាគីដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងបញ្ហាសំខាន់ៗនៅលើពិភពលោក។ លោកពូទីនបន្តទៀតថា «ចំបាច់ត្រូវតែធ្វើបដិវត្តន៍ រំដោះវិស័យពាណិជ្ជកម្មរួចផុតពីរនាំង រារាំង ក្នុងនោះមានការដាក់ទណ្ឌកម្មខុសច្បាប់ទាំងឡាយ។ នោះគឺជាវិធីសាស្ត្រដើម្បីជួយកំណើនសេដ្ឋកិច្ចពិភពលោក និងកាត់បន្ថយចំនួនពលរដ្ឋអត់ការងារធ្វើ។
ជាច្រើនឆ្នាំកន្លងមក មេដឹកនាំរុស្ស៊ីបានអំពាវនាវឲ្យបញ្ចប់ការដាក់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុប មកលើប្រទេសរុស្ស៊ី ក្រោយទីក្រុងមូស្គូដាក់បញ្ចូលតំបន់គ្រីមៀស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលរុស្ស៊ី នៅឆ្នាំ២០១៤ តាមការចង់បានរបស់ពលរដ្ឋគ្រីមៀ បន្ទាប់ពីការបោះឆ្នោតប្រជាមតិ៕ដោយ៖ធី រីណា