ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷ ដឹង​សង​ដឹង អំបែង​សង​អំបែង

ចែករំលែក៖

 មាន​និទាន​មួយ​ថា  មាន​បុរស​ប្ដី​ប្រពន្ធ មាន​កូន​ប្រុស​ម្នាក់ ។ បបុរសជបុរសជាប្ដីនោះទៅខ្ចីដឹង(នាមសព្ទ:ប្រដាប់ គ្រឿងប្រើប្រាស់ធ្វើដោយដែក មានដងមានផ្លែសម្រាប់ក្របែល, ពុះ, ច, ចាំងឈើ; ដឹងមាន៣ប្រភេទគឺ ដឹងភ្លុក ឬ ដឹងស្លាប, ដឹងជង, ដឹងជ្វា )អំពី​សេដ្ឋី​ម្នាក់​យក​ទៅ​កាប់​ឧស លុះ​លើក​ឡើង នឹង​សំពង​កាប់ ស្រាប់​តែ​ដឹង​នោះ​រង្គោះ​ផ្លែ​ខ្ទាត​ទៅ​ត្រូវ​ប្រើស​មួយ កប់​បាត់​ទៅ​ក្នុង​ខ្លួន​ប្រើស​នោះ ៗ បោល​ចូល​ព្រៃ​ទៅ តាម​រក​ពុំ​ឃើញ ។ បុរស​នោះ​ក៏​វិល​មក​ផ្ទះ​វិញ ប្រាប់​ប្រពន្ធ​កូន ហើយ​ទៅ​ប្រាប់​សេដ្ឋី​ដោយ​នូវ​ដំណើរ​ដឹង​បាត់​នោះ ។ សេដ្ឋី​ថា “ដឹង​នោះ​ជា​របស់​កម្សត់​កម្រ ពី​មេ​បា​អញ បើ​ឥត​អំពី​ដឹង​នេះ​ហើយ អញ​គ្មាន​អ្វី​ប្រើ​ការ​ឡើយ” ។ បុរស​នោះ​អង្វរ​សុំ​សង​ជា​ដឹង ១ ថ្មី​វិញ សេដ្ឋី​ពុំ​ព្រម​ថា “ លុះ​តែ​បាន​ដឹង​ដើម​ទើប​យក ” ។ ទុក​ជា​បុរស​នោះ​អង្វរ​សុំ​សង ១ ជា ២ ក៏​សេដ្ឋី​ពុំ​ព្រម​យក ។ បុរស​នោះ​វិល​ទៅ​គិត​នឹង​ប្រពន្ធ រួច​ត្រលប់​ទៅ​រក​សេដ្ឋី​ទៀត អង្វរ​សុំ​សង ១ ជា ៤​សេដ្ឋី​នៅ​តែ​មិន​ព្រម​យក សង ១ ជា ១០ សេដ្ឋី​ក៏​ពុំ​យក​ទៀត នៅ​តែ​ទទូច​និយាយ​ថា “ ឲ្យ​បាន​ដឹង​ដើម​នោះ​ទើប​យក​” ។ បុរស​នោះ​លា​សេដ្ឋី​វិល​ទៅ​គិត​នឹង​ប្រពន្ធ​ព្រមព្រៀង​គ្នា​ថា “ ត្រូវ​យក​កូន​កំលោះ​ធ្វើ​ជា​សំណង​វិញ ” ។ លុះ​គិត​គ្នា​ដូច្នេះ​ហើយ បុរស​នោះ​ក៏​នាំ​កូន​កំលោះ ទៅ​ប្រគល់​ឲ្យ​សេដ្ឋី​ជា​សំណង​ដឹង​នោះ ។ សេដ្ឋី​ព្រម​ទទួល​យក ។ បុរស​នោះ​ក៏​វិល​ទៅ​ផ្ទះ​អាត្មា​វិញ ហើយ​ទៅ​រក​ឧស​ក្នុង​ព្រៃ​ទៀត ស្រាប់​តែ​ឃើញ​ប្រើស​នោះ​ស្លាប់​រលួយ ហើយ​ឃើញ​ទាំង​ដឹង​នៅ​នោះ​ផង ក៏​មាន​សេចក្ដី​ត្រេកអរ​ឥត​ឧបមា នាំ​យក​មក​ផ្ទះ​ស្គាល់​ជាក់​ជា​ដឹង​របស់​មហា​សេដ្ឋី ដុស​លាង​ស្អាត​ហើយ​យក​ទៅ​ជូន​សេដ្ឋី ប្រាប់​តាម​ដំណើរ​នោះ​សព្វ​គ្រប់ ហើយ​សុំ​យក​កូន​មក​វិញ ។ ឯ​សេដ្ឋី​ស្គាល់​ដឹង​នោះ ជាក់​ក៏​ទទួល​យក​ហើយ ឲ្យ​កូន​កំលោះ​ទៅ​បុរស​នោះ​ៗ នាំ​កូន​ទៅ​កាន់​លំនៅ​របស់​ខ្លួន ។ ចំណេរ​កាល​ក្រោយ​មក ដល់​រដូវ​ស្រូវ​ទុំ បុរស​ប្ដី​ប្រពន្ធ​ដាល់​អំបុក​ស៊ី ។ កូន​ស្រី​សេដ្ឋី​នោះ​ធុំ​ក្លិន​អំបុក​នឹក​ចង់​ស៊ី អង្វរ​ម្ដាយ​ឪពុក​ឲ្យ​រក​អំបែង​ឲ្យ សេដ្ឋី​រក​អំបែង​ពុំ​បាន ក៏​ចូល​ទៅ​ខ្ចី​អំបែង​បុរស​នោះ លុះ​ដាល់​អំបុក​រួច​ហើយ ចួន​ជា​មាន​ឆ្កែ​ប្រខាំ​គ្នា​ពារ​លើ​អំបែង​នោះ​បែក​ខ្ទេច​អស់ ។ សេដ្ឋី​ឲ្យ​ទៅ​ប្រាប់​បុរស​នោះ ៗ យំ​គក់​ទ្រូង​ថា “ អំបែង​នេះ​ជា​របស់​កម្សត់​កម្រ​ពី​មេ​បា​មក ត្រូវ​តែ​រក​អំបែង ដើម​មក​សង​វិញ​ទើប​បាន ” ។ ទុក​ជា​សេដ្ឋី​អង្វរ​ថា “នឹង​សង ១ ជា ២ ក្ដី បុរស​នោះ​ក៏​ពុំ​ព្រម​យក​ឡើយ គឺ​ទទូច​យក​ឲ្យ​បាន​តែ​អំបែង​ដើម​នោះ​ឯង បើ​មិន​បាន​អំបែង​ដើម​នោះ​មិន​ព្រម​ទេ” ។ ទុក​ជា​សេដ្ឋី​ឲ្យ​ទៅ​និយាយ​ថា នឹង​សង ១ ជា ៤ ក្ដី ១ ជា ១០ ក្ដី បុរស​នោះ​ក៏​ពុំ​ព្រម​យក ។ សេដ្ឋី​ខឹង​ទៅ​ប្ដឹង​ចៅ​ក្រម ៗ ឲ្យ​ហៅ​បុរស​នោះ​មក​ដណ្ដឹង​សួរ​ដោយ​ដំណើរ ហើយ​ចៅ​ក្រម​បង្គាប់​ឲ្យ​សេដ្ឋី​នោះ​សង​អំបែង​តែ ១ បុរស​នោះ​ក៏​ពុំ​ព្រម​យក ។ ចៅ​ក្រម​ខឹង​ថា “បុរស​នេះ​ល្មើស​នឹង​បង្គាប់​ខ្លួន” ។ សេដ្ឋី​ឃើញ​បុរស​នោះ​ពុំ​សុខ​ចិត្ត ក៏​នាំ​សេចក្ដី​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ដោយ​ដំណើរ​នោះ ។ ព្រះ​អង្គ​ឲ្យ​ហៅ​បុរស​នោះ​មក មាន​ព្រះ​បន្ទូល​ដណ្ដឹង​សួរ​ថា “ដំណើរ​នេះ​ដូច​ម្ដេច​បាន​ជា​ចៅ​ក្រម​បង្គាប់​ហើយ​ព្រះ​ស្ដែង​ពុំ​សុខ​ចិត្ត ?” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ត្បិត​សេដ្ឋី​ខ្ចី​អំបែង​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ទៅ​ដាល់​អំបុក ទុក​ឲ្យ​ឆ្កែ​ប្រខាំ​គ្នា​ពារ​លើ បែក​របស់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ឯ​អំបែង​នោះ​ជា​កេរ្តិ៍​ពី​មេ​បា​មក តែង​តែ​ចិញ្ចឹម​ជីវិត​ដោយ​សារ​អំបែង​នោះ ដូច្នោះ​លុះ​តែ​បាន​អំបែង​ដើម​ទើប​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​យក បើ​ពុំ​បាន ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​យក​ឡើយ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​ថា “ការ​អស់​នេះ សម​ជា​មាន​ហេតុ​នឹង​គ្នា​អំពី​មុន​មក បាន​ជា​ប្រកាន់​ខ្លាំង​ម្ល៉េះ ” ទើប​ត្រាស់​ដណ្ដឹង​សួរ​ថា “ ព្រះ​ស្ដែង​មាន​ដំណើរ​ហេតុ​ដូច​ម្ដេច​អំពី​ដើម​បាន​ជា​ប្រកាន់​គ្នា​ខ្លាំង​ម្ល៉េះ” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ដំណើរ​ដើម ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ខ្ចី​ដឹង​សេដ្ឋី ទៅ​កាប់​ឧស ហើយ​រង្គោះ​ផ្លែ​បាត់​ទៅ​ត្រូវ​ប្រើស មុត​ជាប់​នឹង​ខ្លួន​វា ៗ បោល​បាត់​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​រក​ពុំ​ឃើញ ទៅ​ប្រាប់​សេដ្ឋី ៗ ថា ”ដឹង​នេះ​ជា​ដឹង​កម្សត់​កម្រ​ពី​មេ​បា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​សុខ​ចិត្ត​សង ១ ជា ២ ដល់ ១ ជា ១០ សេដ្ឋី​ក៏​ពុំ​យក​ថា​ឲ្យ​បាន​ដឹង​ដើម​ទើប​យក បើ​ពុំ​បាន​ដឹង​ដើម​ពុំ​យក​ឡើយ” សេដ្ឋី​ប្រកាន់​ដូច្នេះ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ក៏​យក​កូន​កំលោះ​ឲ្យ​ទៅ​នៅ​បម្រើ​ជំនួស​ខ្លួន​ទើប​សេដ្ឋី​ទទួល​យក ថ្ងៃ​ក្រោយ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទៅ​រក​ឧស​ក្នុង​ព្រៃ​ស្រាប់​តែ​ឃើញ​ប្រើស​នោះ​ងាប់​រលួយ​ទៅ ហើយ ៗ ឃើញ​ផ្លែ​ដឹង​នៅ​ក្នុង​ប្រើស​នោះ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ស្គាល់​ជាក់​ជា​ដឹង​សេដ្ឋី​ហើយ ត្រេក​អរ​ណាស់ យក​ទៅ​ឲ្យ​សេដ្ឋី ៗ ស្គាល់​ជាក់​ជា​របស់​ខ្លួន ក៏​ទទួល​យក​ហើយ​ឲ្យ​កូន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មក​វិញ?” ។

ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ដណ្ដឹង​សួរ​សេដ្ឋី​ថា “ ដំណើរ​នោះ​ដូច្នោះ​មែន​ឬ​អ្វី ? ” ។ សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “ ដូច្នេះ​មែន ” ។ ទើប​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “ បើ​ដូច្នោះ សេដ្ឋី​ត្រូវ​ឲ្យ​កូន​ខ្លួន​ទៅ​នៅ​បម្រើ​គេ​វិញ ទើប​ដោយ​គន្លង​ធម៌ ” ។ សេដ្ឋី​និង​បុរស​នោះ ក៏​ថ្វាយ​បង្គំ​ទទួល​ព្រះ​បន្ទូល​ពិសេស​ទាំង​អស់​គ្នា ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​កាន់​លំនៅ​ទីទៃ ៗ ហោង ៕ ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖