ភ្នំពេញ៖ ស្រ្តីអ្នកលក់ចេកចៀនម្នាក់បានរងរបួសដោយសាររលាកភ្លើងពេញខ្លួនខណៈកំពុងចៀនចេកលក់ហើយភ្លើងបានឆាបឆេះធុងហ្គាស កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងផ្សារទួលលៀប ភូមិទួលលៀប សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះឈ្មោះផេង រ៉េម អាយុជាង៤០ឆ្នាំ មុខរបរលក់ចេកចៀន មានទីលំនៅកន្លែងកើតហេតុខាងលើរងរបួសរលាកខ្លួនប្រាណយ៉ាងដំណំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីរងគ្រោះបានប្រើចង្រ្កានហ្គាសដែលមានធុងធំចៀនចេកលក់នៅមុខផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងផ្សារទួលលៀបនោះ ហើយធុងហ្គាសនោះទៀតសោតគឺគាត់ទើបតែបញ្ចូលហ្គាសរួចថ្មីៗថែមទៀតផង ។លុះពេលកំពុងតែចៀនចេកសុខៗ ស្រាប់តែអណ្តាតភ្លើងបានឆាបឆេះធុងហ្គាសយ៉ាងសន្ធោសន្ធៅតែម្ដង។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយដោយខ្លាចឆេះដល់ផ្ទះ ស្រ្តីខាងលើក៏បានស្រវាទាញធុងហ្គាសដែលកំពុងឆេះនោះចេញឲ្យផុតពីផ្ទះទើប បណ្ដាលឲ្យរលាករងរបួស ។
ប្រភពដដែលបានបន្តថា ចំណែកអ្នកភូមិបាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ ហើយអ្នកខ្លះទៀតបានយកដីខ្សាច់ទៅជះនិងយកក្រណាត់ទៅជ្រលក់ទឹករួចយកទៅគ្របពីលើ ប៉ុន្តែភ្លើងមិនរលត់ឡើយ គឺភ្លើងនៅតែឆេះយ៉ាងពេញបន្ទុក។អ្វីដែលជាសំណាងល្អទៀតនោះ គឺធុងហ្គាសខាងលើអត់ផ្ទុះបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរជាងនេះឡើយព្រោះទីនោះស្ថិតនៅក្នុងផ្សារបើផ្ទុះវិញនឹងមានអ្នករងគ្រោះច្រើន។ក្រោយមកអ្នកភូមិបានយករថយន្តដឹកទឹកទៅបាញ់ពន្លត់ទើបរលត់ទៅវិញ៕
ដោយ៖ សុខាសែនជ័យ