ព័ត៌មានទាន់ហេតុការណ៍៖

ចាញ់ល្បែងបែកគំនិតលួចលុយថៅកែ ជាង៣ពាន់ដុល្លារត្រូវថៅកែប្តឹងនគរបាលឲ្យឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាកម្មករក្រុមហ៊ុនដឹកត្រីម្នាក់ ដោយសារតែចាញ់ល្បែងក៏បែកគំនិតលួចលុយថៅកែរបស់ខ្លួនជាង៣ពាន់ដុល្លារ​ ទីបំផុតថៅកែដឹងក៏ប្តឹងនគរបាលស្រុកកោះធំឲ្យចាត់ការតាមនីតិវិធីច្បាប់។ ករណីលួចនេះ បានកើតឡើងកាលពីថ្ងៃ​ទី២៦ ខែកញ្ញា​ ឆ្នាំ២០២០​ វេលាម៉ោង​១៥និង៣០នាទី​​ នៅចំណុច​ភូមិ​ជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ផាន់​ ចំរេីន​ ភេទប្រុស​ អាយុ​ ២៤ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​កោះ​ទៀវ(ក)​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ មុខរបរ​កម្មករក្រុមហ៊ុនត្រី​។ ចំណែកជនរងគ្រោះជាម្ចាស់ប្រាក់ឈ្មោះ​ ឈឿន​ ប៊ុនឆន​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល​ មុខរបរ​ជាមន្ត្រីនគរបាល​។ ដោយឡែកទ្រព្យសម្បត្តិបាត់បង់មាន ប្រាក់​ដុល្លារចំនួន៣.៦៥០ដុល្លារសហរដ្ឋអាមេរិក។
ប្រភពដដែលបន្តថា​ ​តាមការបំភ្លឺរបស់ជនរងគ្រោះបានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ផាន់ ចំរេីន ចូលបម្រើការងារក្នុងក្រុមហ៊ុនដឹកត្រីរបស់ខ្លួនជាយូរខែឆ្នាំមកហេីយ ដោយឲ្យជនសង្ស័យជាអ្នកទទួលមើលការងាររបស់ក្រុមហ៊ុនត្រីគឺផ្ញេី​និងទទួលលុយទុកសម្រាប់ទូទាត់ឲ្យម៉ូយត្រី។នៅពេលកំពុងបំពេញការងារ ជនសង្ស័យ បានលួចបន្លំយកប្រាក់របស់ក្រុមហ៊ុនទៅចាយវាយអស់៣.៦៥០ដុល្លារអាមេរិក ហើយជនរងគ្រោះជាម្ចាស់ក្រុមហ៊ុនត្រីដឹងថាបាត់លុយក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូនដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ​ ឈ្មោះផាន់​ ​ចំរេីន​ បានឆ្លេីយសារភាពថា រូបខ្លួនពិតជាបានបន្លំ​លួចយកប្រាក់ពីក្រុមហ៊ុនដឹកត្រីរបស់ឈ្មោះ​ ឈឿន​ ប៊ុនឆន​ ប្រាកដមែន ដោយយកទៅចាយវាយនិងលេងល្បែងស៊ីសង​អស់ចំនួនប្រមាណជា​ ៣.៦៥០ដុល្លារអាមេរិក។
បច្ចុប្បន្ន​ ជនសង្ស័យខាងលេីត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖