ព័ត៌មានទាន់ហេតុការណ៍៖

ថៃបើកភ្លើងខៀវ​​ បើកទ្វារស្វាគមន៍អ្នកទេសចរប្រទេសមួយចំនួន​

ចែករំលែក៖

មន្ត្រីថៃ បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលនឹងបើកព្រំដែន ស្វាគមន៍អ្នកទេសចរបរទេស​ចូលមកកម្សាន្តនៅក្នុងប្រទេសថៃ​។ វិស័យទេសចរណ៍រងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងរយៈពេលកន្លងមក ដោយសារតែកូវីដ​-១៩ ។
វិស័យសេដ្ឋកិច្ចថៃ អាស្រ័យទៅលើ​អ្នកទេសចរបរទេស ហើយនៅក្នុងឆ្នាំនេះ​ថៃស្វាគមន៍អ្នកទេសចរបានមួយចំនួនតូចតែប៉ុណ្ណោះ​ក្នុងចំណោមអ្នកទេសចរអន្តរជាតិ​ប្រមាណ​៤០លាននាក់ក្នុងមួយឆ្នាំ​។ អ្នកទេសចរធ្លាក់ចុះដោយការបិទព្រំដែន ហើយក្រុមហ៊ុនអាកាសចរណ៍ផ្អាកការហោះហើរ​។
គម្រោងបើកព្រំដែន ​ក៏ដូចជាយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងកូវីដ​-១៩​ ថៃអនុញ្ញាតដល់អ្នកដំណើរមកពីប្រទេសដែលមានការណីឆ្លងទាបបំផុត​ ហើយអ្នកទេសចរត្រូវធ្វើចត្តាឡីស័ករយៈពេល​១៤ថ្ងៃនៅសណ្ឋាគារ​។
អ្នកនាំពាក្យក្រសួងទេសចរណ៍ថៃ បានឲ្យដឹងថា មានអ្នកទេសចរប្រមាណ១៥០នាក់មកពីប្រទេសចិន​ នឹងមកដល់ប្រទេសថៃនៅដើមសប្តាហ៍ក្រោយ។ ក្រោយមកនឹងមានជើងហោះហើរពីអឺរ៉ុប និង​ចិន ជាបន្តទៀត ប្រសិនបើជើងហោះហើរទី​១មិនមានបញ្ហាអ្វីនោះ​។
នាយករដ្ឋមន្ត្រីថៃលោក​ ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា ចំនួនអ្នកទេសចរចូលមកថៃមានចំនួន កំណត់ ហើយអ្នកទេសចរទាំងនោះនឹងត្រូវតាមដាន​តាមបណ្តាញទូរស័ព្ទ​។ មានតែវិធីសាស្ត្រនេះទេទើបអាចតាមដានបានគ្រប់ជ្រុងជ្រោយទប់ស្កាត់រាល់ការឆ្លងកូវីដ​-១៩​។
សកម្មភាពខាងលើរបស់ថៃកើតឡើងក្រោយពេលធនាគារពិភពលោក​បានប្រកាសថា កំណើនសេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះដល់ទៅ ១០,៤ភាគរយនៅក្នុងឆ្នាំ នេះ​ដោយសារវិបត្តិពាក់ព័ន្ធកូវីដ​-១៩​៕ដោយ៖ធី រីណា


ចែករំលែក៖