ព័ត៌មានទាន់ហេតុការណ៍៖

តខ្សែភ្លេីងចេញពីផ្ទះដេីម្បីឆក់ត្រី​តែមិនប្រយ័ត្នឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​បានតខ្សែភ្លេីងចេញពីក្នុងផ្ទះដេីម្បីឆក់ត្រីយកមកធ្វេីម្ហូប​ តែជនរងគ្រោះមិនបានប្រយ័ត្នក៏ប៉ះចំខ្សែភ្លើងដាច់រលាត់បណ្តាលឲ្យឆក់ស្លាប់ខ្លួនឯងតែម្តង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិកាលពីវេលាម៉ោង១១និង០០នាទីព្រឹក​ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

    សមត្ថកិច្ចបានឲ្យដឹងថា​ សពមានឈ្មោះ គិន សំអុល ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា​ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានតខ្សែភ្លើង ចេញពីក្នុងផ្ទះទៅឆក់ត្រីនៅវាលស្រែខាងក្រោយផ្ទះចម្ងាយប្រហែល៥០ម៉ែត្រ ពេលនោះជនរងគ្រោះបានកាន់ប៉ះចំខ្សែភ្លើងដាច់រលាត់បណ្តាលឲ្យឆក់ស្លាប់តែម្តង។ ក្រោយពីការត្រួតពិនិត្យរបស់ការិយាល័យកោសល្យវិច័យ និងវិភាគនៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ខ្លួនឯងប្រាកដមែន។

  សពជនរងគ្រោះខាងលេីត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖