ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តកណ្តាល​ត្រៀម​ជម្លៀស​ពលរដ្ឋ​ជាង២ពាន់​គ្រួសារ​នៅយប់​នេះ​ដោយសារ​ទឹកជំនន់​នៅទំនប់​៧មករា

ចែករំលែក៖

ខេត្តកណ្តាល ៖ អាជ្ញាធរខេត្តកណ្តាលត្រៀមកម្លាំងរាប់ពាន់នាក់ដើម្បីជម្លៀសពលរដ្ឋចំនួន២៤៥០គ្រួសានៅក្នុងក្រុងនិងស្រុកចំនួន៣ ទៅកាន់ទីទួលសុវត្ថិភាពនៅយប់នេះ ខណៈកម្ពស់ទឹកនៅទំនប់៧មករាដែលពីមុខទំនប់មានកម្ពស់ទឹក៦.១៨ម៉ែត្រ និងពីក្រោយទំនប់មានកម្ពស់ទឹក៩.៦០ម៉ែត្រ គឺជាកម្ពស់ទឹកផុតពីចំណុចប្រកាសអាសន្ន។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងថា នៅថ្ងៃពុធទី១៤ ខែតុលានេះថា ខេត្តបានត្រៀមកងកម្លាំងសរុបដូចជាទាហាន ប៉ូលិស និងសន្ដិសុខភូមិប្រហែល២ពាន់ ដើម្បីចេញប្រតិបត្តិការជម្លៀសពលរដ្ឋនៅស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខណៈស្រុកកណ្តាលស្ទឹងជាស្រុកដែលមានហានិភ័យខ្ពស់និងមានពលរដ្ឋចំនួន១០៥០គ្រួសារត្រូវជម្លៀស គឺត្រូវជម្លៀសមុនគេនៅយប់នេះ។

លោកបន្តទៀតថា៖ យើងមានត្រៀមកាណូតចំនួន៥យ៉ាងតិចក្នុងមួយឃុំ ដើម្បីត្រៀមជម្លៀសពលរដ្ឋដែលរស់នៅក្នុងស្រុកនិងក្រុងទាំងបីនេះ។ ហើយត្រៀមទីទួលមានសុវត្ថិភាពចំនួន៣៤កន្លែង ក្នុងនោះមានទាំងទីវត្តអារាម »។
មកដល់ពេលនេះកម្លាំងដែលត្រៀមជម្លៀសពលរដ្ឋស្ថិតក្នុងក្រុងនិងស្រុកទាំង៣នេះ បានបែងចែកទៅតាមគោលដៅអស់ហើយ នឹងចេញធ្វើប្រតិបត្តិការនៅយប់នេះតែម្តង ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់។

លោកបញ្ជាក់ថា ៖ កាលពីយប់ថ្ងៃទី១៣តុលា អជ្ញាធរខេត្តបានជម្លៀសពលរដ្ឋចំនួន៣៥គ្រួសារម្តងហើយ ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ដោយសារពួកគាត់មានលំនៅឋានទាបដែលអាចរងឥទ្ធិពលពីជំនន់ទឹកលឿនជាងគេ។

រដ្ឋបាលខេត្តកណ្ដាលបានបញ្ជាក់ថា ព្យុះដែលបានកើតឡើងជាបន្តបន្ទាប់ បានធ្វើឱ្យទឹកបានហូរចេញពីខេត្តកំពង់ស្ពឺតាមស្ទឹងព្រែកត្នោតមកកាន់រាជធានីភ្នំពេញ និងធ្លាក់មកដល់ទំនប់៧មករា ដែលធ្វើឱ្យកម្ពស់ទឹកនៅទំនប់នេះកើនឡើងខ្ពស់ហួសពីកម្រិតប្រកាសអាសន្ន៕ដោយ៖ស សម


ចែករំលែក៖