ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឱកាស​បុណ្យអុំទូក​នេះ ទណ្ឌិត​៦៩៥​នាក់ ស្ថិតក្នុង​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​

ចែករំលែក៖

​ភ្នំពេញ​៖ បើតាមការអះអាងពីអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ថា នៅក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២០​នេះ ទណ្ឌិត​៦៩៥​នាក់ ក្នុង​នោះ​ស្រី ៦៥​នាក់ ត្រូវ​បានដាក់​ទៅក្នុង​បញ្ជី​ស្នើសុំ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានគូសបញ្ជាក់ថា«​រដ្ឋ​ម​ន្រី្ត​ក្រសួងយុត្តិធម៌ និង​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ បាន​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ទាំងនោះ ហើយក៏​បានសម្រេច​ជ្រើស​យក ទណ្ឌិត​៦៩៥​នាក់ សម្រាប់​ស្នើ​ទៅ​សម្ដេចតេជោ ហ៊ុន សែន ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ ព្រះ​ប្រទាន​ការអនុគ្រោះ​ទោស​»​។ 

សូមជម្រាបថា នាឱកាស​ពិធីបុណ្យ​អុំទូកឆ្នាំនេះ ទណ្ឌិត​ជាង​១​ពាន់​នាក់ មកពី​បណ្ដា​ពន្ធនាគារ​រាជធានី​-​ខេត្ត​ចំនួន​២៤​និង​មណ្ឌល​អប់រំ​កែប្រែ​៤ បានដាក់​សុំ​ស្នើ​បន្ធូរបន្ថយ និង​លើកលែងទោស​។ ប៉ុន្តែ​មានតែ​ទណ្ឌិត ៦៩៥​នាក់​ប៉ុណ្ណោះ ត្រូវបាន​សម្រេច​បញ្ចូល​ទៅក្នុង​បញ្ជី​សម្រាប់​ស្នើសុំ​បន្ធូរ និង​លើកលែងទោស​។ 

លោក គឹម សន្តិភាព បន្តថា ក្នុងចំណោម​អ្នកទោស​ដែល​ស្ថិតក្នុង​បញ្ជី​ស្នើសុំ​នោះ មាន​ទណ្ឌិត​ស្ត្រី​ចំនួន ៦៥​នាក់​។ បន្ថែមពីនេះលោក គឹម សន្តិភាព បញ្ជាក់ទៀតថា ទណ្ឌិត​ទាំង​៦៩៥​នាក់​នោះ នឹងត្រូវ​ដាក់​ស្នើសុំ​បន្ថយទោស​មួយជីវិត មក​នៅ​២០​ឆ្នាំ​ចំនួន​៥​នាក់​, ស្នើសុំ​លើកលែងទោស​១៩​នាក់​។ ចំណែក​ទណ្ឌិត ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស​១២​ខែ មាន​៩២​នាក់​, ស្នើសុំ​បន្ធូរ​បន្ថយទោស​៩​ខែ មាន​៩៥​នាក់ និង​ស្នើសុំ​បន្ធូរ​បន្ថយទោស​៦​ខែ មាន​៤៨៤​នាក់​៕

ដោយ៖ស តារា


ចែករំលែក៖