ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បេីករថយន្តព្រូសរវល់ឱនរេីសទូរស័ព្ទ​ជ្រុលទៅបុកឡំប្រឺតា​ហើយរុញទៅបុកកន្លែងលក់បាយឆា មីឆា ​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយសារតែមិនមានការប្រុងប្រយ័ត្ន​មួយភ្លែត​របស់នារីម្នាក់​បានបេីករថយន្តព្រូសឱនរេីសទូរស័ព្ទដៃក៏ជ្រុលចង្កូតទៅបុកឡំប្រឺតា​ហើយរុញទៅបុកកន្លែងលក់បាយឆា​ មីឆា​ គុយទាវ​ រងការខូចខាតយ៉ាងដំណំ​ ព្រមទាំងធ្វេីឲ្យម្ចាស់ឡំប្រឺតា​រងរបួសក្បាលនិងជង្គង់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ​ ។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​និង៤០នាទីយប់​ ថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅចំណុចច្រកចូលបុរីឡាយគង់​ តាមបណ្ដោយផ្លូវលេខ២១៧(ចំការដូង)ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុដំបូងឡេីយគេឃេីញឡំប្រឺតា​ ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1GW-6741 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧​ក្នុង ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក​ Toyota Prius ពណ៌ស្លែ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AV-8202 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរស្របទិសគ្នាជាមួយឡំប្រឺតា​ដែរបានមកបុកពីក្រោយពេញទំហឹង​បណ្ដាលឲ្យឡំប្រឺតាខ្ទាតទៅបុកចូលកន្លែងលក់បាយឆា​ មីឆា​ គុយទាវ​ រងការខូចខាតយ៉ាងដំណំ​ ព្រមទាំងធ្វេីឲ្យអ្នកបើកឡំប្រឺតារងរបួសក្បាលនិងដៃជេីងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនផងដែរ​ ។

​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ មាននារីម្នាក់ដែលអះអាងខ្លួនជាអ្នកបើកបររថយន្តបានទទួលកំហុសរបស់ខ្លួនដែលមិនបានប្រយ័ត្នដោយឱនរេីសទូរស័ព្ទទេីបបង្កឱ្យមានបញ្ហាបែបនេះ​ ។

​ ក្រោយមក​ ដោយគ្មានដំណោះស្រាយល្អរវាងភាគីទាំងបី ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ​ធ្វេីការវាស់វែងយករថយន្តបង្កនិងឡំប្រឺតា​ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រង់ចាំដោះស្រាយគ្នាតាមក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖