អន្តរជាតិ៖ ខណៈការផ្ទុះរាលដាលជំងឺកូវីដ-១៩ បានឆ្លងហក់ឡើងខ្លាំងនាពេលថ្មីៗនេះ រដ្ឋាភិបាលតួកគី ក៏បានព្រមានពលរដ្ឋឲ្យគោរពវិធានការសុខាភិបាលដូចជា៖ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។ មិនតែប៉ុណ្ណោះ តួកគី បានហាមឃាត់ការជក់បារីនៅទីសាធារណៈដែលមានមនុស្សកុះករ ។
ជាក់ស្តែងក្រសួងមហាផ្ទៃតួកគី បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែវិច្ឆិកាថ្មីៗនេះថា បម្រាមលើការជក់បារីនេះ មានគោលដៅធានាឲ្យបានថា ប្រជាពលរដ្ឋគោរពតាមវិធានការសុខាភិបាល ដូចជា ពាក់ម៉ាសឲ្យបានត្រឹមត្រូវនៅទីសាធារណៈ ក៏ព្រោះតែពួកគេដោះម៉ាស់ចេញឬទម្លាក់ម៉ាស់ចុះក្រោមនៅពេលជក់បារី។
ក្រសួងមហាផ្ទៃតួកគី បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយថាសម្រាប់ហេតុផលនេះ ដើម្បីធានាថាម៉ាស់ត្រូវបានពាក់គ្រប់ពេលវេលា និងត្រឹមត្រូវនោះ ចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០តទៅ បម្រាមលើការជក់បារី នឹងត្រូវអនុវត្តក្នុងទីសាធារណៈ ដែលមានមនុស្សកុះករ ដូចជា ផ្លូវឧទ្យានសាធារណៈ និងចំណតយានយន្តសាធារណៈ ជាដើម។
ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca បានទទូចឲ្យពលរដ្ឋគោរពឲ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ដូចជា ការពាក់ម៉ាស់ឲ្យត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាព។ ត្រង់ចំណុចនេះ លោក Koca សរសេរលើបណ្ដាញសង្គម Twitter ដូច្នេះថា លោកសុំពលរដ្ឋតែម្យ៉ាងនេះប៉ុណ្ណោះ។
សូមជម្រាបថា អាជ្ញាធរតួកកី នៅដើមសប្ដាហ៍នេះ បានដាក់ចេញបម្រាមគោចរមួយក្នុងរដ្ឋធានី អង់ការ៉ា និងទីក្រុងធំបំផុតរបស់ខ្លួន អ៊ីស្តង់ប៊ូលដោយហាមឃាត់ប្រជាជនអាយុចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ មិនឲ្យចេញទៅខាងក្រៅផ្ទះ ចន្លោះពី១០ព្រឹកនិង៤ល្ងាច។
ដោយឡែកកាលពីសប្ដាហ៍មុន ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសថា រាល់អាជីវកម្ម រួមមានភោជនីយដ្ឋាន ហាងកាហ្វេអាងហែលទឹក និងរោងភាពយន្ត ជាដើម នឹងត្រូវបិទទ្វារត្រឹមម៉ោង ១០យប់ជារៀងរាល់ថ្ងៃ ក្នុងគោលដៅទប់ស្កាត់ការឆ្លងកូវីដ-១៩។
គួរបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលតួកគី បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញនេះ មនុស្សជាង៤០ម៉ឺននាក់បានឆ្លងជំងឺកូវីដ-19 ក្នុងប្រទេសតួកគី ខណៈមនុស្ស១១១៤៥នាក់ស្លាប់។ចំណែកករណីឆ្លងប្រចាំថ្ងៃក្នុងប្រទេសនេះ បានហក់ឡើងខ្លាំងដោយមនុស្ស២៦៩៣នាក់ បានរកឃើញថាឆ្លងកូវីដ-១៩ ក្នុងថ្ងៃទី ១១ ខែវិច្ឆិកា៕ដោយ៖ស តារា
រូបភាព៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan