ភ្នំពេញ ៖ ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់បានស្លាប់ក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងខណៈបាក់ស្រុតក្យូសចូលទៅក្នុងស្រះទឹក។
ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីម៉ោង១០និង៣០នាទីព្រឹកមកម្ល៉េះក៏ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មកនោះទេគឺសុខចិត្តសម្ងំកកាយរកសពតែអស់ជម្រើស រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុក។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ ភេទស្រី អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយស្នាក់នៅក្នុងភូមិភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបម្រើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគាត់ដែលរស់នៅក្បែរកន្លែងកើតហេតុបានឮសូរសំឡេងបាក់ស្រុតរលំក្យូសនោះដែរ តែមិនចាប់អារម្មណ៍ ព្រោះនឹកគិតថាគេវាយផ្ទះចាស់ចោលដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ក្យូសនេះបានបាក់ស្រុតចូលក្នុងស្រះទឹក តាំងពីពេលព្រឹកមកម្ល៉េះ តែម្ចាស់ផ្ទះមិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សម្ងំឲ្យកម្មករកាយរើ បូមទឹកចេញរហូតអស់លទ្ធភាពរកសពមិនឃើញទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ក្នុងភូមិធ្វើឱ្យផ្អើលឆោឡោនៅល្ងាចថ្ងៃកើតហេតុតែម្តង។
តែទោះជាយ៉ាងណាក្តី ទីតាំងកើតហេតុត្រូវបានម្ចាស់បិទទ្វាររបងជាប់ក្រៅពីសមត្ថកិច្ចគឺមិនអុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសពនៅតែបន្តអស់រយៈជាច្រើនម៉ោងទៅហើយនៅតែរកសពមិនទានឃើញទៀត ៕
ដោយ៖ ចន្ទ លីហ្សា