ភ្នំពេញ៖ សូមបញ្ជាក់ថា នៅអំឡុងរង់ចាំលទ្ធផលតេស្តលើកទី៤ នៃក្រុមចត្តាឡីស័កផ្សេងទៀត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា តាមកាលកំណត់ ហើយក៏តម្រូវឱ្យក្រសួងអប់រំ យុវជននិងកីឡា រួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ។ ដំណឹងនេះជាក្តីរំភើបពីអាណាព្យាបាលសិស្ស ខណៈដែលគ្មានកូវីដ-១៩ ហើយកូនៗបានបន្តការសិក្សាវិញនោះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងផេកហ្វេសប៊ុកផ្លូវការថា «យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱ្យក្រសួងអប់រំយុវជននិងកីឡាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកា តែការប្រយុទ្ធជាមួយកូវីដ-១៩ នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល»៕ ដោយ៖ ជីណា