ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះខ្នងនិងសម្ភារមួយចំនួនធំត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

ចែករំលែក៖

ខេត្តរតនគិរី៖ ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងរួមទាំងសម្ភារមួយចំនួនធំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ហេតុការណ៍ភ្លើងឆេះផ្ទះនេះបានកើតឡើងនៅវេលាម៉ោង២ៈ១០នាទីរសៀល ថៃ្ងទី២៣ ខែវិច្ឆិកា ធ្ឆ្នាំ២០២០ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពពីនគរបាលបានឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនេះមានទំហំ៤ម៉ែត្រគុណ៥ ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងបាំងផ្ទាំប្ញស្សី ក្រាលក្តារឈើ បានរងការឆាបឆេះអស់ទាំងស្រុង រួមទាំងសម្ភារមួយចំនួនធំទៀតផងដែរ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ក្លង ណ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ ប្រពន្ធឈ្មេាះ ជួយ រឹម អាយុ២៩ឆ្នាំ ជនជាតិព្រៅ និងមានកូនប្រុសម្នាក់អាយុ១០ឆ្នាំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ប្រភពបន្តថា ភ្លើងឆាបឆេះផ្ទះខាងលើគឺផ្តើមចេញពីចង្ក្រានដាំបាយដែលម្ចាស់បានចាកចេញទៅចម្ការបាត់ទៅ លុះដល់ពេលឮដំណឹងថាភ្លើងឆេះផ្ទះអស់ក៏មានការតក់ស្លុតនិងរន្ធត់តែម្ដង។

សម្ភារដែលបាត់បង់រួមមាន៖

-ម៉ាសុីនកាត់ស្មៅចំនួនមួយគ្រឿង

-ម៉ាសុីនបាញ់ថ្នាំចំនួនមួយគ្រឿង

-ម៉ាសុីនត្រង់សុីន័រចំនួនមួយគ្រឿង

-លុយចំនួន២លានរៀល

-ស្រូវចំនួន៣បេ

-ខ្សែកមាសចំនួនមួយខ្សែតម្លៃ២លានរៀលនិងឈើគ្រឿងផ្ទះខូចខាតមួយចំនួនទៀត។

បន្ទាប់ពីកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង២ និងប្រជាពលរដ្ឋបានចុះជួយធ្វើអន្តរាគមន៍ពន្លត់ដែរ ប៉ុន្តែត្រូវបានអគ្គិភ័យឆាបឆេះស្ទើរអស់ទាំងស្រុងទៅហើយ៕

 ដោយ៖ ជីវ័ន្ត


ចែករំលែក៖