ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលនាំកូនទៅឆក់ត្រីក្នុងអូរ តែភ្លាត់ស្នៀតឆក់ខ្លួនវិញ។
ហេតុការណ៍បុរសប្រើឧបករណ៍នេសាទត្រីខុសច្បាប់ហើយឆក់ខ្លួនឯងស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១ៈ៤០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចអូរផ្លាស់ ស្រែអ៊ុយ ស្ថិតក្នុងភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសខាងលើមាន ឈ្មោះ សៅ និច ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ យុ ហូវ អាយុ២០ឆ្នាំ មុខរបរ កសិករ ជនជាតិព្នង រស់នៅភូមិឃុំកើតហេតុ។
ប្រភពបន្តថា បុរសនោះត្រូវដុំឆក់ត្រីឆក់ខ្លួនឯងស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះនាំកូនៗចេញពីផ្ទះទៅនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ នៅចំណុចអូរផ្លាស់ ស្រែអ៊ុយ ស្ថិតនៅភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ការនេសាទត្រីនេះដោយប្រើឧបករណ៍ខុសច្បាប់ ដូចជា ឧបករណ៍ឆក់ត្រី ជាដើមគឺខុសទៅនឹងច្បាប់ស្ដីពីជលផល និងអាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ហើយមានហេតុការណ៍នេះកើតឡើងជាញឹកញាប់ផងដែរដូចជាករណីដែលបានឃើញស្រាប់នេះជាដើម៕ដោយ៖ ជីវ័ន្ត