នៅថ្ងៃទី២៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកSergei Shoigu បានប្រកាសថា នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កម្លាំងទាហានប្រទេសនេះទាំង៤សែននាក់។ ក្នុងចំណោមទាហានទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងប្រមាណ២០ភាគរយក្នុងឆ្នាំ២០២០ ហើយឆ្នាំ២០២១នឹងបន្តចាក់ទាំងអស់ ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា វគ្គដំបូងនឹងចាក់វ៉ាក់សាំងបង្ការដល់ទាហាន២៥០០នាក់ ហើយដល់ដំណាច់ឆ្នាំ២០២០នឹងចាក់បានប្រមាណ៨០ពាន់នាក់ ។ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដែលរុស្ស៊ីប្រើប្រាស់គឺប្រភេទ Sputnik V ដែលជាវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោក បានអនុម័តតាំងពីខែសីហាឆ្នាំ២០២០។
នៅពាក់កណ្តាលខែវិច្ឆិកាមានក្រុមអ្នកស្ម័គ្រចិត្តជាង១ម៉ឺននាក់បានចាក់វ៉ាក់សាំង Sputnik V ភាគច្រើនជាអ្នកមានអត្រាឆ្លងខ្ពស់ ដោយស្ថិតនៅជួរមុខនៃសង្គ្រាមទប់ស្កាត់ការឆ្លងកូវីដ-១៩។
គិតមកដល់ម៉ោង៤និង៣០នាទី (ម៉ោងនៅកម្ពុជា) នៅទូទាំងពិភពលោកមានអ្នកឆ្លងកើនឡើងដល់ទៅជាង៦២លាននាក់ និងស្លាប់ជាង ១,៤៥លាននាក់ ។ រុស្ស៊ីគឺជាប្រទេសស្ថិតនៅលំដាប់ទី៤ក្នុងតារាងរបស់គេហទំព័រ Worldometers ដោយមានអ្នកឆ្លងជាង២,២៤ លាននាក់និងស្លាប់ជាង ៣៩ពាន់នាក់៕
ដោយ៖ធី រីណា