ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាអគ្គនាយកពន្ធនាគារដែលវិជ្ជមានកូវីដ-១៩ បានទៅផ្សារអុីអន១ នៅពេលល្ងាចថ្ងៃទី២១ វិច្ឆិកា, អ្នកពាក់ព័ន្ធសូមប្រញាប់មកធ្វើតេស្ត

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ-១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះជាការបញ្ជាក់អោយដឹងពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាល បានសម្រេចផ្អាកដំណើរការផ្សារទំនើបអុីអនទី១ នៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីទទួលបានព័ត៌មានថា ស្ត្រីជាភរិយារបស់អគ្គនាយកពន្ធនាគារដែលមានវិជ្ជមានកូវីដ-១៩ បានចូលទៅកាន់ផ្សារអុីអនទី១។
ភរិយារបស់អគ្គនាយកពន្ធនាគារ បានទៅដល់ផ្សារទំនើបអុីអនទី១ នៅម៉ោង ៥៖៣០នាទីល្ងាច ហើយបានដើរលេងនៅផ្សាររយៈពេលមួយម៉ោងកន្លះ។ ក្នុងនោះ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា នៅពេលទៅដល់ផ្សារទំនើបអុីអនទី១ លោកស្រីភរិយាអគ្គនាយកពន្ធនាគារ គាត់ឡើងទៅជាន់ទី១ ហើយចូលពិសារអាហារជប៉ុន នៅខាងឆ្វេងជណ្តើរយន្ត។ បន្ទាប់ពីពិសារអាហារជិតមួយម៉ោង គាត់បានចេញទៅទិញខោអាវ និងតុក្កតាផ្ញើចៅ ហើយក៏ចូលបន្ទប់ទឹក។ បន្ទាប់ពីចូលបន្ទប់ទឹកគាត់ចេញទៅផ្ទះតែម្តង។
ដូច្នេះសម្រាប់ប្រជាពលរដ្ឋដែលចូលទៅផ្សារអុីអន នៅព្រឹក ឬមុនថ្ងៃទី២១ ខែវិច្ឆិកា មិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះទេ។

គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ-១៩ សរុប ៣១៥នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់។

សូមជម្រាបថា ៖ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ-១៩នេះនៅឡើយ។
ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអុីអន១ សាលារៀន អន្តរទ្វីបអាមេកាំង និងសណ្ឋាគារភ្នំពេញ និងតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។ ក្នុងនោះប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៉ីអន១ ហើយមន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃ។
បច្ចុប្បន្នមានទីតាំងចំនួន៣ សម្រាប់ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ ទី១-នៅផ្សារអុីន១ ទី២-ក្រសួងមហាផ្ទៃ និងទី៣-នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត៕

ដោយ៖ សិលា


ចែករំលែក៖