គួរស្វែងយល់៖ វាជាការពិតណាស់សម្រាប់មនុស្សយើង នៅពេលខ្លះវេលាចេះតែរំកិលទៅមុខ ចំណែកឯវ័យ កាលរបស់មនុស្សម្នាក់ៗចេះតែជ្រេបន្តិចម្ដងៗហើយ ។ ប៉ុន្តែមានពេលខ្លះលោកអ្នកធ្លាប់សាកគិតលេងៗហើយឬនៅ ថាតើជិតដាច់ឆ្នាំនេះបានសល់អ្វីខ្លះ ? របស់សល់៥ យ៉ាងក្រោយពេលដាច់ឆ្នាំ ដែលនិងធ្វើឲ្យជីវិតលោកអ្នកមានន័យបំផុត ៖
១. សល់ការងារ ឬ មុខរបរមួយដ៏ជាក់លាក់
ជាការពិតណាស់ មនុស្សយើងម្នាក់ៗរស់នៅត្រូវយកចំណេះជំនាញ និង ទេពកោសល្យ ក៏ដូចជាមុខរបរ ដែលខ្លួនមានមកបម្រើការងារ រកស៊ី ដើម្បីទទួលបានប្រាក់កម្រៃ ផ្គត់ផ្គង់ជីវភាពជីវិតផ្ទាល់ខ្លួន ក៏ដូចជាផ្គត់ផ្គង់ជីវភាពគ្រួសារ ដូច្នេះអស់បារម្ភហើយបើអ្នកនៅសល់ការងារដ៏ជាក់លាក់មួយ ឬ មុខរបរដ៏ច្បាស់លាស់មួយនៅក្នុងដៃ ព្រោះបើនិយាយឲ្យចំទៅ ប្រៀបដូចជាអ្នកមានម៉ាស៊ីនផលិតលុយខ្លួនឯងមួយអ៊ីចឹង ។ នេះហើយជាលាភសំណាងធំបំផុត ដែលអ្នកសល់ក្រោយពេលដាច់ឆ្នាំនេះ។
២. សល់មិត្តភាពអមតៈ
ត្រង់នេះចង់សំដៅដល់ទំនាក់ទំនងមិត្តភាពរបស់អ្នក តើកន្លងមកអ្នកមានបានប្រាស្រ័យទាក់ទងមិត្តភក្ដិចាស់ៗ ឬ មិត្តភក្តិថ្មីៗ ជាប្រចាំដែរឬទេ? ព្រោះថាមនុស្សយើងម្នាក់ៗពុំអាចរស់នៅឯកោ ឬគ្មានទំនាក់ទំនងជាមួយអ្នកណាម្នាក់សោះឡើយ ។ ដូច្នេះគប្បីថែរក្សាទំនាក់ទំនង ទើបមិត្តភាពរបស់អ្នករឹងមាំគង់វង្សយូរអង្វែង ព្រោះថា មិត្តភាពនេះហើយជាកត្តាដែលធ្វើឱ្យអ្នកមិនមានអារម្មណ៍ថា ឯកោក្នុងជីវិតរស់នៅ ហើយវាក៏ជាទ្រព្យដ៏សំខាន់ដែលអ្នកសល់ក្រោយពេលដាច់ឆ្នាំនេះផងដែរ។
៣. សល់គ្រួសារមួយដ៏ពេញលេញ
វាជាសំណាងដ៏ធំបំផុតសម្រាប់អ្នក ដែលចុងឆ្នាំនេះអ្នកនៅសល់គ្រួសារមួយដ៏ពេញលេញ និងកក់ក្ដៅបំផុតព្រោះថាសមាជិកគ្រួសារម្នាក់ៗគឺជាបង្គោលសុភមង្គលដ៏សំខាន់បំផុតដែលពុំអាចបាត់បង់ម្នាក់ណាបាន។ ដូច្នេះលាភធំបំផុតរបស់អ្នកហើយដែលអាចរស់នៅជួបជុំគ្រួសារ ក៏ដូចជាបានឆ្លងឆ្នាំនេះជាមួយក្រុមគ្រួសារមួយដ៏ពេញលេញ បង្កើតនូវអនុស្សាវរីយ៍ដ៏មានន័យក្នុងឆាកជីវិត ។
៤. សល់ដៃគូរជីវិត ឬ ស្នេហាដ៏ច្បាស់លាស់មួយ
ជាក់ស្ដែងណាស់មនុស្សយើងម្នាក់ៗបានជួបគ្នាសុទ្ធតែជានិស្ស័យ បង្កើតទៅជាវាសនា នាំឱ្យក្លាយជាគូរគាប់មេត្រី ដូច្នេះបើអ្នករកបានដៃគូរជីវិតដែលល្អសមស្របហើយ សូមអ្នកថែរក្សាឱ្យបានគង់វង្ស ព្រោះថាជីវិតមនុស្សយើងមិនមានសំណាងរកបានមនុស្សដែលស្រលាញ់យើងពិតប្រាកដច្បាស់លាស់ ច្រើនដងនោះទេ តែយើងនិងសំណាងបំផុតដែលចេះថែរក្សាសម្ព័ន្ធភាពស្នេហារបស់អ្នកឱ្យនៅរីកស្រស់បំព្រងដូចបុប្ផារដូវផ្ការីក ។ ចំណុចនេះហើយដែលបញ្ជាក់ថាជីវិតអ្នកមានន័យបំផុតដែលនៅសល់មិត្តរួមព្រលឹង អាចយល់គ្រប់យ៉ាងពីអ្នក និងផ្ដល់ក្ដីស្រលាញ់ដ៏ស្មោះសរដល់អ្នកឥតចង់បានផលតបស្នង ។
៥. សល់សុខភាពដ៏រឹងមាំ
មនុស្សយើងរស់នៅចាំបាច់បំផុតត្រូវគិតគូរពីសុខភាពជាចាំបាច់ព្រោះសុខភាពនេះហើយជាខ្នងបង្អែកគោលនៃឆាកជីវិតរបស់អ្នក និងជាកត្តាកំណត់អាយុជីវិតមនុស្ស បើសុខភាពល្អ អាយុមនុស្សនិងយូរអង្វែង រីឯសុខភាពខ្សោយ អាយុរស់នៅរបស់មនុស្សនិងថមថយទៅតាមនិងផងដែរ ដូច្នេះបើអ្នកសល់ជីវិតដែលពោរពេញទៅដោយផាសុខភាព ជីវិតដែលមានសុខភាពល្អ នោះអ្នកគ្មានអ្វីត្រូវរស់នៅស្ដាយក្រោយនោះឡើយ នេះហើយជានិយមន័យដ៏មានន័យនៃឆាកជីវិតដែលអ្នកគប្បីប្រកាន់ខ្ជាប់ មិនមែនត្រឹមតែថ្ងៃនេះ ខែនេះ ឆ្នាំនេះ តែជារៀងរហូត ៕