ភ្នំពេញ៖ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «រាជធានី និងខេត្ត មានសិទ្ធិបិទនូវទីតាំងណា ដែលសង្ស័យថាមានករណីឆ្លងនេះ ក្នុងរយៈពេលមួយ ដើម្បីបាញ់ថ្នាំ ហើយឲ្យបុគ្គលិកនៅទីនោះ យកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័ក»។
សម្តេចបន្តថា៖ «នេះគឺជាវិធានការដែលត្រូវប្រកាន់យកជាបន្ទាន់ សម្រាប់ឆ្លើយតបទៅនឹងករណីបាត់ដាន។ នេះខ្ញុំហៅថា ជាករណីបាត់ដាន។ ឥឡូវយើងអត់ដឹងថា ក្រុមគ្រួសាររបស់ឯកឧត្តម ឆែម សាវុធ ឆ្លងពីអ្នកណាទេ រកអត់ទាន់ឃើញក្បាលកន្ទុយ នៅកន្លែងណា។ នោះហើយជាការលំបាក ដែលយើងចាត់ទុកថា វាជាមហន្តរាយមួយសម្រាប់ប្រទេសរបស់យើង បើយើងទប់ស្កាត់មិនទាន់ពេលវេលា»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ដែលជាករណីរកឃើញការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ជាលើកដំបូង គឺជាករណីបាត់ដាន ហើយសម្តេចបានព្រមានថា ព្រឹត្តិការណ៍នេះនឹងនាំមហន្តរាយដល់ប្រទេសជាតិ បើទប់ស្កាត់មិនទាន់ពេលវេលា។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, សម្តេចបានកំណត់ពេលវេលា១៥ថ្ងៃ ក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ សម្តេចតេជោ បានថ្លែងថា ដើម្បីឲ្យការប្រយុទ្ធបានជោគជ័យក្នុងរយៈពេល ១៥ថ្ងៃនេះ មិនអាចពឹងតែលើរាជរដ្ឋាភិបាល និងអាជ្ញាធរនោះទេ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ៗថា ៖ «មេរោគដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ ជាប្រភេទមេរោគខ្លាំង ដែលត្រូវប្រើថ្នាំខ្លាំង»។ សម្តេចតេជោ បានថ្លែងទៀតថា ប្រតិបត្តិការរុករកជំងឺកូវីដ-១៩ ត្រូវធ្វើក្នុងល្បឿនលឿន និងទ្រង់ទ្រាយធំជាងពេលមុនៗទៅទៀត៕
ដោយ៖ សិលា