ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្រ្ដីដឺបេម្នាក់សមត្ថកិច្ចតាមចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀនរកឃើញឈើយ៉ាងច្រើននៅក្នុងផ្ទះ

ចែករំលែក៖

ខេត្តរតនគិរី៖  អតីតមន្ត្ដ្រីដឺបេយោធាម្នាក់ត្រូវបានកម្លាំងប៉ូលិសនៃស្នងការនគបាលខេត្ដធ្វើការឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀននិងឆែកឆេទៅរកឃើញឈើប្រណីតជាច្រើនទៀតផងដែរ។

ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចភូមិអូររមៀតសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះ វង្ស វ៉ាហៅប្រុសជនជាតិខ្មែរអាយុ៤០ឆ្នាំមានទីលំនៅភូមិ.សង្កាត់ខាងលើ។

    ប្រភពបន្តថាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅកម្លាំងប៉ូលិសបានចុះទៅបង្រ្កាបទីតាំងប្រើប្រាស់សារធាតុញៀនមួយកន្លែងនៅត្រង់ចំណុចសាលារៀនហេងលាងចាស់ស្ថិតក្នុងភូមិសាស្រ្តក្រុងបានលុង។ហើយក៏បានឆែកឆេរកឃើញនិងរឹបអូសវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនមួយថងធំ,ម៉ូតូម៉ាកZOOMERមួយគ្រឿង ទូរស័ព្ទដៃមួយគ្រឿងនិងឈានដល់ធ្វើការឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ វាំងចាន់សុវណ្ណហៅក្ដឹបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តដើម្បីសាកសួរ។

 ក្រោយពីធ្វើការសាកសួរទៅនៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យនោះបានឆ្លើយសារភាពថាការជួញដូរសារធាតុញៀនកន្លងមកគឺបានជាប់ពាក់ព័ន្ធមនុស្សមួយចំនួនផ្សេងទៀត។

ប្រភពបន្តទៀតថាក្រោយពីសាកសួរជនសង្ស័យរួចនៅថ្ងៃទី៣០ខែវិច្ឆិកានោះក៏បានសហកាជាមួយតុលាការហើយនាំកម្លាំងទៅឡោមព័ទ្ធផ្ទះឈ្មោះ វង្ស វ៉ាហៅប្រុសមួយកន្លែងទៀតដើម្បីត្រួតពិនិត្យ។

ប៉ុន្ដែខណៈដែលសមត្ថកិច្ចឡោមព័ទ្ធនោះម្ចាស់ផ្ទះគេបានចាក់សោទ្វាររបងពីខាងក្រៅ។

 ហើយសមត្ថកិច្ចបានសម្រេចកាត់សោចូលទៅខាងក្នុងផ្ទះហើយបានរកឃើញគំនរឈើជាច្រើនដុំនិងគ្រឿងញៀនចំនួនពីរថង់តូច.សម្ភារសម្រាប់ច្រកថ្នាំមួយចំនួន.ខ្នោះដៃមួយ.កាំបិតស្នៀតមួយកាំបិតដងវែងមួយ.ដំបងពីរកំណាត់ចំនួនពីរផងដែរ។

ក្រោយពីធ្វើការឆែកឆេរួចរាល់វត្ថុតាងទាំងអស់នោះត្រូវបានរឹបអូសហើយបាននាំខ្លួនម្ចាស់ផ្ទះម្នាក់ឈ្នោះ វង្ស វ៉ាហៅប្រុសនោះទៅកាន់ស្នងការដ្ឋានសួរនាំបន្ត។

លោកលាងអុីមនាយការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០បានប្រាប់ថាករណីឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះដូចខាងលើកំពុងសាកសួរបន្ដតាមនីតិវិធី។

លោកបន្ថែមថាក្រោយពីសាកសួរធ្វើកំណត់ហេតុរួចលោកនិងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរួមនិងវត្ដុតាងដែលពាក់ព័ន្ធទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖