ក្រុមហង្សក្រហមបានឡើងទៅវគ្គ១៦ក្រុមនៃកម្មវិធី UEFA Champions League ដោយស្វ័យប្រវត្តិ ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Ajax កាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២០។
ខ្សែបម្រើ Curtis Jones ជាកីឡាករសំណាងរកគ្រាប់បាល់១គ្រាប់ធ្វើឲ្យក្រុមហង្សក្រហមឡើងវគ្គ១៦ក្រុម ដោយស្វ័យប្រវត្តិបើទោះបីជានៅសល់វគ្គជម្រុះតាមពូល១ប្រកួតទៀតក៏ដោយ។ ក្នុងការប្រកួតនេះក្រុម Liverpool ជាម្ចាស់ផ្ទះមែន ប៉ុន្តែការគ្រប់គ្រងបាល់គឺក្រុមភ្ញៀវ Ajax មានប្រៀបជាងគឺរហូតដល់៥៦ភាគរយ រីឯLiverpool មានតែ៤៤ភាគរយប៉ុណ្ណោះ។ ប៉ុន្តែកីឡាករ Curtis Jones មានឱកាសបានស៊ុតបាល់បញ្ចូលទីនៅនាទីទី៥៨ ក្នុងតង់ទី២ ដែលជាការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Williams ដែលជ័យជម្នះនេះធ្វើឲ្យក្រុម Liverpool បន្តឈរលេខ១ក្នុងពូលD មាន១២ពិន្ទុ ដោយ៥ប្រកួតក្នុងវគ្គជម្រុះតាមពូលចាញ់តែ១ប្រកួតប៉ុណ្ណោះ។
លទ្ធផលនេះធ្វើឲ្យក្រុម Ajax ធ្លាក់មកឈរចំណាត់ថ្នាក់លេខ៣ក្នុងពូលD ដែលមានតែ៧ពិន្ទុ ចាញ់ក្រុមលេខ២ Atalanta ១ពិន្ទុ ដូច្នេះនៅថ្ងៃទី១០ ខែធ្នូខាងមុខ ក្រុម Ajax ត្រូវប្រកួតជាមួយក្រុម Atalanta ដោយចាំបាច់ត្រូវឈ្នះជាដាច់ខាត បើសិនជាស្មើ ឬចាញ់ក្រុម Ajax នឹងបាត់បង់ឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយ Champions League ជាមិនខាន។ ប្រសិនបើក្រុម Ajax មិនបានឡើងទៅឈរលេខ២ទេ ក្រុមនេះនឹងធ្លាក់ទៅលេងនៅ Europa League វគ្គជម្រុះបន្តទៀត ដោយលក្ខខណ្ឌតម្រូវឲ្យក្រុមដែលឈរចំណាត់ថ្នាក់លេខ៣ក្នុងពូលទៅលេងនៅក្របខ័ណ្ឌលំដាប់ទី២ របស់ UEFA ៕
ដោយ៖ភារៈ