អន្តរជាតិ៖ វិហារជ្វីហ្វមួយកន្លែង ស្ថិតនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីពេលថ្មីៗកន្លងមកនេះ បានទទួលរៀបចំពិធីអាពាហ៍ពិពាហ៍និងមានអ្នកចូលរួមរាប់ពាន់នាក់ ដោយមិនគោរពតាមគោលការណ៍គម្លាតសង្គម នាអំឡុងនៃវិបត្តិកូវីដ-១៩ ត្រូវអភិបាលរដ្ឋញូវយ៉កសហរដ្ឋអាមេរិក សម្រេចពិន័យវិហារជ្វីហ្វមួយនេះ ជាទឹកប្រាក់១៥០០០ដុល្លារអាមេរិក និងការព្រមានបិទអាគារសាសនានេះផងដែរ។
ជាក់ស្តែងចំពោះការសម្រេចពិន័យដោយសារអាជ្ញាធរសង្កេតឃើញ ក្រុមអ្នកចូលរួមក្នុងចំនួនដ៏ច្រើន មិនគោរពតាមវិធានសុខាភិបាលដោយគ្មានគម្លាតសុវត្ថិភាព ហើយពួគគេរាំច្រៀងដោយសប្បាយរីករាយ ថែមទាំងមិនពាក់ម៉ាស់។
អភិបាលរដ្ឋញូវយ៉ក លោក Bill de Balsio បានសម្រេចពិន័យអ្នកទទួលខុសត្រូវវិហារចំនួន១៥០០០ដុល្លារអាមេរិក និងព្រមានបិទព្រះវិហារក្រោយឃើញវីដេអូនៃពិធីអាពាហ៍ពិពាហ៍ត្រូវបានចែកចាយពេញបណ្តាញសង្គម។ ជាមួយនឹងបទសម្ភាសរបស់ទីភ្នាក់ងារ NY2 លោក Bill de Balsio បានបញ្ជាក់ថា៖ «យើងដឹងថាមានពិធីអាពាហ៍ពិពាហ៍ យើងមិនដឹងចំនួនពិតប្រាកដឡើយ ប៉ុន្តែអ្នកចូលរួមពិតជាច្រើនមែនទែន។ទង្វើបែបនេះ មិនអាចទទួលយកបានឡើយ»។
ជុំវិញបញ្ហានេះដែរ អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ក៏បានរិះគន់យ៉ាងខ្លាំងនូវសកម្មភាពប្រមូលផ្តុំមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នៅព្រះវិហារជ្វីហ្វីដែលកាន់និកាយ អ័រតូដុក្ស៍ ក្រុង Brooklyn រដ្ឋញូវយ៉ក។
យោងតាម New York Post ពិធីអាពាហ៍ពិពាហ៍ បានធ្វើតាមគម្រោងរបស់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ដែលដឹកនាំមេដឹកនាំនិកាយសាសនាដែលមិនសូវត្រូវជាមួយអាជ្ញាធរមូលដ្ឋាន។ ចំណែកបណ្តាសារព័ត៌មានប្រចាំតំបន់បានផ្សព្វផ្សាយថា ទំនាស់រវាងអាជ្ញាធរ និងក្រុមអ្នកកាន់សាសនាកើតមានឡើងញឹកញាប់ ជាពិសេសនាអំឡុងពេលនៃវិបត្តិកូវីដ-១៩ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ លោកអភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យ ខណៈអ្នកដែលតវ៉ាភាគច្រើន ជាអ្នកគាំទ្រលោក ដូណាល់ត្រាំ នៃគណបក្សសាធារណរដ្ឋ។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ប្រមាណ១៤លាននាក់នៅអាមេរិក រដ្ឋញូវយ៉ក ជារដ្ឋទី៥ដែលឆ្លងច្រើនជាងគេ បន្ទាប់ពីតិចសាស់កាលីហ្វនីញ៉ា ហ្វ្លរីដា និង Illinois ដោយមានជាង៦៨ម៉ឺនករណី ដែលក្នុងនោះស្លាប់ជាង៣៤០០០នាក់៕
ដោយ៖ស តារា