ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយជំនន់ទឹកភ្លៀងស្រកអស់អាជ្ញាធរស្រុកចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រជួសជុលផ្លូវក្រាលថ្មមិចប្រវែង២៤០ម៉ែត្រដែលឧបត្ថម្ភថវិកាពីនាយឧត្តមសេនីយ៍ ម៉ឹង សំផន

ចែករំលែក៖

ខេត្តស្វាយរៀង៖  អនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្រ្ទា និងក្រុងបាវិត នៅថ្ងៃទី២ខែធ្នូ ឆ្នាំ២០២០លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រជួសជុលផ្លូវក្រាលថ្មមិចប្រវែង ២៤០ម៉ែត្រដែលឧបត្ថម្ភថវិកាពីនាយឧត្តមសេនីយ៍  ម៉ឹង សំផន ។

ការចុះត្រួតពិនិត្យមើលផ្លូវដើម្បីធ្វើការជួសជុលនេះគឺមានការចូលរួមពីលោកអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក  ក្រុមប្រឹក្សាឃុំ លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស លោកមេភូមិ អនុភូមិ និងជំនួយការភូមិជាច្រើននាក់ផងដែរ។

លោក ថន ថាវុទ្ធា  បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោនិង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា ជាពិសេសលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេច និងលោកប្រធានក្រុមការងារចុះជួយស្រុក និងលោកអភិបាលខេត្តតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកថន ថាវុទ្ធា បានឱ្យដឹងថាការចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រមកជួសជុលផ្លូវក្រាលថ្មមិចមានប្រវែង ២៤០ម៉ែត្រនេះគឺចាប់ពីកែងវត្តបទុមរង្សី ក្នុងភូមិចេក ឃុំសំរោង កាត់តាមភូមិទួលអំពិល ភូមិទួលស្ពាន ដល់កែងវត្តព្រៃខ្លូត ក្នុងភូមិត្រពាំងរុន ឃុំច្រេស ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ហើយត្រូវចំណាយថវិកា ២,៥០០ដុល្លារដោយទទួលបានការជួយឧបត្ថម្ភពីនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្រ្ទា និងក្រុងបាវិត  ។

លោក អភិបាលស្រុកបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅអមសងខាងផ្លូវត្រូវជួយថែរក្សាផ្លូវឱ្យបានល្អ មិនអនុញ្ញាតឱ្យចាក់ដីខ្ពស់ជាងផ្លូវទេ  និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនូវការរស់នៅស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺកូវីដ-១៩៕

ដោយ៖ យឹម សុថាន


ចែករំលែក៖