ខេត្តព្រះសីហនុ៖ ជនសង្ស័យ៤នាក់ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថបង្ក្រាបឃាត់ខ្លួននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ដោយដកហូតបានវត្ថុតាងថ្នាំញៀននិងសម្ភារពាក់ព័ន្ធមួយចំនួន។
បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកព្រៃនប់ថ្លែងថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថខេត្តនិងកងរាជអាវុធហត្ថមូលដ្ឋានស្រុក ក្នុងនោះជនសង្ស័យត្រូវបានឃាត់ខ្លួនតាមទីកន្លែងខុសៗគ្នា នៅក្នុងឃុំវាលរេញ ឃុំអណ្តូងថ្មនិងឃុំសាមគ្គី ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕ឆ្លាម សមុទ្រ