ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសចែកកាតសម្រាប់ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩

ចែករំលែក៖

នៅថ្ងៃទី​៨ខែធ្នូនេះ អង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ដល់ពលរដ្ឋរបស់ខ្លួនហើយ។ ពលរដ្ឋដែលទៅចាក់វ៉ាក់សាំង គឺទទួលបានកាតមួយសន្លឹក កត់ត្រាពីការចាក់លើកទីមួយ និងថ្ងៃកំណត់សម្រាប់ទៅចាក់លើកទីពីរ​ ក្រោយការចាក់លើកទីមួយ​៣សប្តាហ៍។
ក្រោយការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​របស់ក្រុមហ៊ុន Pfizer​ និងក្រុមហ៊ុន BioNTechមក ​នៅថ្ងៃទី​៨ខែធ្នូនេះអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងជាផ្លូវការ​ដល់ពលរដ្ឋរបស់ខ្លួនហើយ។ អង់គ្លេសក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលអនុម័ត​ចាក់វ៉ាក់សាំង​។
នៅក្នុងការចាក់វ៉ាក់សាំងដំណាក់កាលដំបូង​​មានមន្ទីរពេទ្យធំចំនួន​៥០កន្លែងទូទាំងប្រទេស ហើយពលរដ្ឋដែលមានវ័យលើសពី ៨០ឆ្នាំទទួលបានការចាក់វ៉ាក់សាំងមុនគេ​បង្អស់ ព្រមទាំងបុគ្គលិកនៅមណ្ឌលចាស់ជរា​។ ក្រៅពីនេះនឹងចាក់ដល់អ្នកងាយឆ្លងកូវីដ​-១៩ ជាងគេ​ក្នុងនោះមានក្រុមគ្រូពេទ្យជាដើម។
តាមសារព័ត៌មាន BBC បានផ្សាយថា កម្លាំងទាហានអង់គ្លេសនឹងត្រូវបានបញ្ជូនទៅជួយក្នុងការដឹកជញ្ជូនវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ពីប្រទេសបែលហ្សុិក ជាទីតាំងដែល ក្រុមហ៊ុន Pfizer ផលិតវ៉ាក់សាំង​។ ការដឹកជញ្ជូនពិតជាមានផលលំបាកដោយសារតែវ៉ាក់សាំងត្រូវរក្សានៅក្នុងអាកាសធាតុត្រជាក់ក្រោមសូនអង្សាសេ។
គិតមកដល់យប់ថ្ងៃទី​៧ខែធ្នូ អង់គ្លេសមានចំនួន​អ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ១,៧លាននាក់ ឈរលំដាប់ទី៧នៅលើពិភពលោក​​ ក្រោមអាមេរិក ឥណ្ឌា រុស្ស៊ី បារំាង និងអុីតាលី៕

ដោយ៖ធី រីណា


ចែករំលែក៖