ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញពស់ថ្លាន់ធំមួយក្បាលលូនចេញក្នុងបឹងកំប្លោកប្រជាពលរដ្ឋចាប់ដាក់ក្នុងទ្រុង

ចែករំលែក៖

ភ្នំពេញ ៖ ពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល១៤គីឡូក្រាម ត្រូវបានគេប្រទះឃើញលូនកាត់តាមផ្លូវប្រហែលទើបចេញពីទឹកបឹងកំប្លោកត្រូវបានប្រជាពលរដ្ឋចាប់ដាក់ក្នុងទ្រុងដើម្បីទុកឱ្យអ្នកអភិរក្សសត្វមកទទួលយកទៅមើលថែ។

បង្កភាពការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្បែរវត្តតិក្ខប្បញ្ញោក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល ១៤គីឡូក្រាមនេះ កំពុងលូនចេញពីក្នុងទឹកបឹងកំប្លោកក្បែរវត្តតិក្ខប្បញ្ញោភ្លាមៗនោះប្រជាពលរដ្ឋបានហៅគ្នាមកជួយចាប់ដាក់ក្នុងទ្រុងហើយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យដើម្បីយកពស់មួយក្បាលនេះប្រគល់ឲ្យខាងអភិរក្សយកទៅមើលថែ។

ពេលកម្លាំងសមត្ថកិច្ចមូលដ្ឋាន មកដល់ក៏បាន ទំនាក់ទំនងទៅខាងអភិរក្ស សត្វព្រៃមកទទួលយកសត្វពស់ថ្លាន់មួយក្បាលនេះ យកទៅមើលថែនៅរមណីយដ្ឋានភ្នំតាម៉ៅ៕ដោយ៖ផេង ភាព


ចែករំលែក៖