ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ៣នាក់ក្នុងអំពើឃាតកម្ម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្ស៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធការស្លាប់បុរសម្នាក់នៅស្រុកកំពង់ត្រឡាច ដែលបានកាប់សម្លាប់ទុកសពចោលនៅក្បែរប្រឡាយ ។
ការឃាត់ខ្លួនេះ គឺធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ហើយនៅព្រឹកថ្ងៃទី៩នេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពបង្ហាញ អំពីករណីឃាតកម្មទៅលើជនរងគ្រោះឈ្មោះ ញៀន ណូយ ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ ១-តុន នឿន ភេទប្រុស អាយុ២៦ឆ្នាំ ២-ណន ណឹម ភេទប្រុស អាយុ៣៧ឆ្នាំ និង៣-នៅ ច្រេស ភេទប្រុស អាយុ៣០ ឆ្នាំ។ ជនសង្ស័យទាំង០៣ ខាងលើ រស់នៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ដោយឡែកជនរងគ្រោះឈ្មោះ ញៀន ណូយ ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានទាស់សំដីគ្នា ហើយជនសង្ស័យបានគំរាមសម្លាប់ជនរងគ្រោះ ដោយកាន់កាំបិតផ្គាក់ដល់ផ្ទះ តែត្រូវជនរងគ្រោះគេច រហូតដល់ពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនតាមផ្លូវ ក្បែរប្រឡាយក៏ប្រទះនឹងក្រុមជនសង្ស័យ ដែលមានកាំបិតនៅនឹងខ្លួនជាស្រេច។ ភ្លាមនោះក្រុមជនសង្ស័យបានស្ទាក់ធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះតែម្តង។ ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ ។ ប៉ុន្តែក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមនីតិវិធី រួចបានរកឃើញក្រុមជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធនឹងការកាប់សម្លាប់ជនរងគ្រោះ និងបានធ្វើការឃាត់ខ្លួនជាបន្តបន្តាប់តែម្តង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាង មានកាំបិតផ្គាក់ចំនួន២ ហើយនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបាននាំជនសង្ស័យទៅធ្វើសកម្មភាពបង្ហាញនៃអំពើឃាតកម្មនេះ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ដោយ៖ ចន្ថា


ចែករំលែក៖