ព័ត៌មានទាន់ហេតុការណ៍៖

ទាស់សម្តីគ្នាបង្កជាអំពើហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកអូរយ៉ាដាវធ្វើការឃាត់ខ្លួនពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតផ្គាក់)ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងន់ធ្ងរត្រង់ក្បាល។

ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង២០:៣០នាទីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០នៅត្រង់ចំណុចផ្ទះកម្មករស្នាក់នៅក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សាក់ឈឿង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចៀរជ័រកៅស៊ូ
មានស្រុកកំណើតនៅភូមិ-ឃុំ-ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបានមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកជនរងគ្រោះឈ្មោះ សុខ ទូច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចៀរជ័រកៅស៊ូ មានស្រុកកំណើតនៅភូមិប្រឹក្សាទី១ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ស្នាក់នៅក្នុងចម្ការកៅស៊ូ ភូមិ-ឃុំ កើតហេតុខាងលើ។

ប្រភពបន្តថា ជនរងគ្រោះបានរងរបួស ចំក្បាលលើត្រចៀកខាងឆ្វេងយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់ភ្លាមៗនៅមណ្ឌលសុខភាពស្រុកបរកែវផងដែរ។

មូលហេតុដែលឈានដល់ការបង្កអំពើហិង្សានោះគឺមកពីមានទំនាស់ពាក្យសម្តីគ្នានៅក្នុងចម្ការ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖