ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាហ្សង់ទីន ប្រកាសថានឹងចាក់វ៉ាក់សាំង កូវីដ-១៩ មុនគេបង្អស់

ចែករំលែក៖

ក្រោយការទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V ផលិតដោយប្រទេសរុស្ស៊ី ប្រធានាធិបតីអាហ្សង់ទីន បានប្រកាសថា លោកនឹង ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ មុនគេបង្អស់
សារព័ត៌មានRT នៅថ្ងៃទី ១០ខែធ្នូបានផ្សាយថា ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានបញ្ជាក់ថា លោកនឹងចាក់វ៉ាក់សាំងទិញពីរុស្ស៊ីមុនគេបង្អស់ ដើម្បីបញ្ជាក់ពីកម្រិតសុវត្ថិភាពនិងប្រសិទ្ធភាព នៃវ៉ាក់សាំង។
ប្រធានាធិបតីអាហ្សង់ទីន លោក Fernandez បានប្រកាសថា«ខ្ញុំគឺជាមនុស្សដំបូងគេ ចាក់វ៉ាក់សាំង ធ្វើជាគំរូដល់ពលរដ្ឋ ហើយមិនត្រូវបារម្ភពីសុវត្ថិភាពនោះឡើយ»។ អាហ្សង់ទីនគឺជាប្រទេស ថ្មីបានបញ្ជាទិញវ៉ាក់សាំងពីប្រទេសរុស្ស៊ី ចំនួន ១០ លានដូស។
ប្រធានាធិបតី Fernandez បញ្ជាក់ថា ប្រទេសរបស់លោក នឹងមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនពលរដ្ឋ ៥ លាននាក់ដែលប្រឈមការឆ្លងកូវីដ-១៩ខ្ពស់ជាងគេ ។ ការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅខែមករាឆ្នាំ២០២១។
រដ្ឋាភិបាលអាហ្សង់ទីន ក៏បានប្រកាសថានឹងទិញវ៉ាក់សាំង២៥លានដូស នៅក្នុងឆ្នាំ២០២១ ដើម្បី ចាក់បង្ការដល់ពលរដ្ឋ ។

បច្ចុប្បន្ន អាហ្សង់ទីន មានចំនួនអ្នកឆ្លងកើនឡើងដល់ទៅ ជាង១,៤លាននាក់ និងស្លាប់ជាង៤ម៉ឺននាក់។
បច្ចុប្បន្នមានប្រទេសជាង ៥០ហើយដែលបានទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ដែលជាវ៉ាក់សាំងដំបូងគេបំផុត។

តាមលទ្ធផលនៃការធ្វើតេស្តដំណាក់កាលចុងក្រោយ មានប្រសិទ្ធភាពដល់ទៅ៩១,៤% ។ តម្លៃវ៉ាក់សាំង របស់រុស្ស៊ីគឺ ១០ ដុល្លារក្នុងមួយដូស។ ចំណែកពលរដ្ឋរុស្ស៊ីនឹងទទួលបានវ៉ាក់សាំង ដោយឥតគិតថ្លៃ៕ដោយ៖ធី រីណា


ចែករំលែក៖