ព័ត៌មានទាន់ហេតុការណ៍៖

មុខរបរដាំសណ្តែកកួរ របស់ប្រជាពលរដ្ឋនៅខេត្តសៀមរាបអាចរកចំណូលបានច្រើនគ្រាន់បើ

ចែករំលែក៖

ខេត្តសៀមរាប៖ កសិករដាំដំណាំសណ្តែកកួរម្នាក់ រស់នៅឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប អាចរកប្រាក់ចំណូលបាន ប្រមាណជាង១០ម៉ឺនរៀលជារៀងរាល់ថ្ងៃ ពីមុខរបរមួយនេះ ដែលធ្វើឲ្យគ្រួសារគាត់មានចំណូល ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកសាព័ត៌មានបានដកស្រង់សំដី អ្នកស្រីជឿន គឹមស៊ិប អាយុ៤២ឆ្នាំ ជាកសិកររស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងបានលើកឡើងថា , មុខរបរដាំបន្លែលក់ ធ្វើឱ្យជីវភាពគ្រួសារអ្នកស្រីមានភាពល្អប្រសើរជាងមុន ដោយសារអាចរកបានប្រាក់ចំណូលប្រចាំថ្ងៃ អាចផ្គត់ផ្គង់ការចំណាយ ក្នុងគ្រួសារបាន។ជាក់ស្តែងរាល់ថ្ងៃអ្នកស្រីដំាសណ្តែកកួរលើផ្ទៃដីតែជិត២០០០ម៉ែត្រការ៉េប៉ុណ្ណោះ តែអាចលក់ ចេញបោះឱ្យ ម៉ូយ ប្រចាំថ្ងៃជាមធ្យម៧០ទៅ៨០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតម្លៃ២០០០រៀល។
អ្នកស្រីបន្តថា មុខរបរដាំបន្លែលក់នេះបានចាប់ផ្តើមរយៈពេលប្រមាណ២០ឆ្នាំមកហើយតែការដាំដុះមិនមានលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ដោយចេះតៗគ្នាពីឪពុកម្តាយប៉ុណ្ណោះ មិនអាចរកប្រាក់ចំណូលបានច្រើនឡើយ ប៉ុន្តែរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយ ក៏ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញកសិកម្ម ទើបធ្វើឱ្យមុខរបរដាំបន្លែរបស់អ្នកស្រីបានល្អប្រសើរ។
សំឡេង៖សណ្តែកកួរខ្ញុំប្រមូលផលបានរាល់ថ្ងៃជួនបាន៨០គីឡូក្រាម ជួនបាន៧០គីឡូក្រាម ខ្ញុំប្រមូលផលជិតមួយខែ ដំបូងលក់បានមួយគីឡូ២០០០រៀល ម៉ូយទិញគឺអ្នកភូមិនេះឯង បច្ចេកទេសដាំគឺបានខាងក្រសួង និងអង្គការផង ហើយគេតែងហៅប្រជុំកសិករនៅក្នុងភូមិបង្ហាញពីបច្ចេកទេសដាំ។
គួរជម្រាបផងដែរថា អ្នកស្រីជឿន គឹមស៊ិប សព្វថ្ងៃដាំបន្លែជាច្រើនប្រភេទដូចជា៖ សណ្តែកកួរ ខ្ទឹមសន្លឹក ផ្កាខាត់ណា ស្ពៃក្រញាញ់និងបន្លែជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារប្រចាំថ្ងៃ។
មួយរយៈចុងក្រោយនេះ ទោះមានបញ្ហាជំងឺកូវី19 បានកើតឡើង ប៉ះពាល់មួយចំនួនទៅលើការប្រកបមុខរបរ ជំនួញ ខ្លះក៏ឲ្យដោយ។ ប៉ុន្តែចំពោះវិស័យកសិកម្ម ឃើញថាប្រជាពលរដ្ឋកម្ពុជា បានបង្កបង្កើនផល ទទួលបានទិន្នន័យល្អប្រសើរ នៅមានទីផ្សារនៅក្នុងប្រទេស នាំចេញទៅក្រៅប្រទេស។ ដូចជាករណីដំឡូងមីស្រស់បានលុងទៅកាន់ប្រទេសវៀតណាម តាមច្រកអន្តរជាតិត្រពាំងថ្លុង ក្នុងស្រុកពញាក្រែក ត្បូងឃ្មុំ ក្នុងមួយថ្ងៃមួយថ្ងៃៗរាប់រយរាប់ពាន់តោន ។ នេះបើតាមការលើកឡើងពីលោករដ្ឋមន្ត្រីក្រសួងកសិកម្មកន្លងមក។ ជាពិសេសប្រជាពលរដ្ឋតាមបណ្ដាខេត្ត បានបង្កើតមុខរបរ ចិញ្ចឹមមាន់ ទា ជ្រូក ត្រី បង្កង អន្ទង់ ខ្យង កង្កែប ត្រីដំរី។ល។ និងមានការនាំចេញ ផ្លែស្វាយ ផ្លែមាន ដែលមានគុណភាពល្អនៅកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនយ៉ាងច្រើនផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖