ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីមានទំនាស់យកដំបងដែកវាយជនរងគ្រោះបណ្តាលឲ្យរបួសក្បាលកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តាន់ ពិសុទ្ធ ហៅ ប្រុស ហៅ ម៉ាប់ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៣៩ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរជាងសំណង់។
ចំណែកជនរងគ្រោះឈ្មោះ តាន់ ស៊ីវអេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង៩យប់ ពេលជនរងគ្រោះកំពុងអង្គុយលេងនៅមុខ (ចំណុចកើតហេតុ) ខណៈនោះជនសង្ស័យបានដើរមកសួរនាំពីរឿងជនរងគ្រោះនិងក្រុមគ្រួសារបានដេញវាយកូនប្រុសរបស់គេនាពេលកន្លងមក ក៏មានទំនាស់ពាក្យសម្តីនិងវាយប្រតាយប្រតប់គ្នា ភ្លាមនោះជនសង្ស័យបានរើសយកដំបងដែកអុីណុក ពណ៌ស១កំណាត់វាយទៅលើជនរងគ្រោះបណ្តាលឲ្យបែកក្បាល១កន្លែង ហើយជនរងគ្រោះបានដួលទៅប៉ះម៉ូតូបណ្តាលឲ្យដាច់រលាត់ស្បែកក្រោមភ្នែកស្តាំ១កន្លែងទៀត។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានអ្នកជិតខាងបញ្ជូនទៅព្យាបាលរបួសនៅគ្លីនិកចាក់អង្រែ។ ចំណែកជនសង្ស័យ បានកាន់ដំបងដែករត់គេចខ្លួនបាត់ទៅ។ លុះមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ម៉ោង៩និង៥នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម។ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ