ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឧទ្ទាមបូកូ ហារ៉ាម ទទួលស្គាល់ថាបានចាប់សិស្សរាប់រយនាក់

ចែករំលែក៖

សារព័ត៌មាន AFPបានផ្សាយថា ក្រុមឧទ្ទាម បូកូ ហារ៉ាម (Boko Haram) នៅថ្ងៃទី១៥ខែធ្នូ បានប្រកាសថា ខ្លួនជាអ្នកចាប់សិស្សសាលារាប់រយនាក់នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ។
សារព័ត៌មាន AFP បានដកស្រង់សាររបស់មេដឹកនាំក្រុមឧទ្ទាមនៅពីក្រោយការចាប់សិស្សស្រីរាប់រយនាក់នៅស្រុក Chibok, រដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា កាលពីឆ្នាំ២០១៤ថា «ខ្ញុំឈ្មោះ Abubakar Shekau ហើយបងប្អូនរបស់ខ្ញុំគឺជាអ្នកចាប់ខ្លួនសិស្សស្រីនៅរដ្ឋKatsina ។
អភិបាលរដ្ឋ Katsina លោកAminu Masari បានឱ្យដឹងថា មានសិស្សស្រីជាង៣០០នាក់បានបាត់ខ្លួន ក្រោយការវាយប្រហារនៅតាមសាលារៀន មធ្យមសិក្សានៅក្នុងរដ្ឋនេះ។ មកទល់ពេលនេះគេមិនទាន់ដឹងថា ចំនួនសិស្សស្រីដែលត្រូវចាប់ខ្លួនមានប៉ុន្មាននាក់នោះឡើយ ហើយមានសិស្សប៉ុន្មាននាក់ដែលគេចខ្លួនត្រឡប់មកផ្ទះវិញបាន។ សិស្សស្រីម្នាក់ដែលរត់រួចខ្លួនត្រឡប់មកផ្ទះវិញបានឲ្យដឹងថា មានសិស្ស ៥២០នាក់ត្រូវបានចាប់ខ្លួនពីសាលារៀននានារបស់រដ្ឋ។ ក្រោយហេតុការណ៍ចាប់ខ្លួននោះសាលាទាំងអស់នៅក្នុងរដ្ឋ Katsina បានបិទទ្វារ ។
កាលពីថ្ងៃទី១៤ខែធ្នូ អភិបាលរដ្ឋ Katsina បានបញ្ជាក់ថា មន្ត្រីក្នុងតំបន់ព្យាយាមការពារពលរដ្ឋ ដោយចរចាជាមួយក្រុមឧទ្ទាមដើម្បីដោះលែងសិស្សសាលាទាំងអស់នោះ។
កាលពីសប្តាហ៍កន្លងមកកម្លាំងទាហានជើងគោក ជើងអាកាសបានដាក់ពង្រាយដើម្បីរំដោះចំណាប់ខ្មាំង ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ចំណាប់ខ្មាំងខាងលើ ហើយលោកបានស្នើឲ្យដោះលែងជាបន្ទាន់ ឲ្យសិស្សទាំងអស់នោះមកជួបជុំគ្រួសារវិញ៕ដោយ៖ធី រីណា


ចែករំលែក៖