ព័ត៌មានទាន់ហេតុការណ៍៖

កូនកម្លោះ-ក្រមុំមួយគូ នៅម៉ាឡេស៊ីរៀបអាពាហ៍ពិពាហ៍សម័យកូវីដ ឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត

ចែករំលែក៖

អន្តរជាតិ៖ កូនកម្លោះក្រមុំមួយគូ នៅម៉ាឡេស៊ី បានបង្ខំចិត្តរៀបអាពាហ៍ពិពាហ៍ក្នុងសម័យវិបត្តិជំងឺឆ្លងរាតត្បាតសកលកូវីដ១៩ បានឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត។ នេះគឺជាវិធីសាស្រ្តល្អដែលអាចគេចផុតពីការរឹតត្បិតកូវីដ១៩ ហើយពួកគេបានស្វាគមន៍មនុស្សចូលរួមរហូតដល់១០០០០នាក់។ ពិធីនេះគឺរៀបចំទៅជាកម្មវិធីបើកឡានឆ្លងកាត់ (drive-thru)

ជាក់ស្តែងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ ប្ដីប្រពន្ធថ្មីថ្មោងមួយគូនេះ បាននាំគ្នាឈរស្វាគមន៍នៅក្រៅបរិវេណអគាររដ្ឋាភិបាលមួយ ក្នុងទីក្រុងPutrajaya ភាគខាងត្បូងនៃរាជធានី គូឡាឡាំពួ ខណៈភ្ញៀវពួកគេបានបើករថយន្តយឺតៗកាត់មុខរោងការនេះ។

សូមជម្រាបថា ក្នុងពិធីនោះដែរភ្ញៀវទាំងអស់ ពុំអាចពន្លត់ម៉ាស៊ីនរថយន្តពួកគេទេ ហើយក៏មិនដើរមករាក់ទាក់កូនកម្លោះក្រមុំនេះបានឡើយព្រោះតែត្រូវរក្សាគម្លាតសុវត្ថិភាព ហើយម្យ៉ាងទៀត ការរៀបមង្គលការនៅម៉ាឡេស៊ីកំណត់ភ្ញៀវចូលរួមត្រឹម២០នាក់ប៉ុណ្ណោះ។ ជំនួសមកវិញ ភ្ញៀវដែលត្រូវបានអញ្ជើញមកចូលរួមនោះ អាចគ្រាន់តែបក់ដៃនិងបង្ហាញញញឹមពីក្នុងឡានពួកគេតែប៉ុណ្ណោះ។

ទាក់ទិននឹងករណីខាងលើ ឪពុករបស់កូនកម្លោះ ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់ក្នុងប្រទេសម៉ាឡេស៊ី បានសរសេរសារលើបណ្ដាញសង្គមហ្វេសប៊ុកថា ការរៀបមង្គលការរបស់កូនគាត់ មានភ្ញៀវចូលរួមរហូតដល់១០០០០នាក់។ បន្ថែមពីនេះវលោក បាននិយាយបន្តថា ក្រុមគ្រួសារលោកនិងលោក មានកិត្តិយសធំធេង ហើយក៏អរគុណចំពោះការយោគយល់ និងការគោរពតាមវិធានការកូវីដ១៩របស់ភ្ញៀវលោក ដោយការមិនចេញក្រៅរថយន្ត។

ជាមួយគ្នានេះសម្រាប់រថយន្តទាំង១០០០០គ្រឿងនេះ បានបើកឆ្លងផុតអស់វាត្រូវការពេលរហូតដល់៣ម៉ោងឯណោះ។ ទោះមិនឈប់ និងអង្គុយបរិភោគអាហារក្នុងរោងការក៏ពិតមែន ភ្ញៀវទាំងនេះ ក៏ទទួលបានអាហារវេចខ្ជាប់រួចរាល់ ដែលផ្ដល់ឲ្យដោយម្ចាស់ដើមការ តាមបង្អួចរថយន្តពួកគេផងដែរ។នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ាឡេស៊ី។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី កំពុងប្រយុទ្ធនឹងរលកឆ្លងថ្មីនៃករណីកូវីដ១៩ ដែលបច្ចុប្បន្នរកឃើញករណីឆ្លងសរុបជាង៩៣០០០ករណី និងអ្នកស្លាប់ ៤៣៧នាក់ហើយ៕

ដោយ៖ស តារា


ចែករំលែក៖