ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងកម្សត់ រ៉ន ចាន់ឌីន ក្លាយជាតារាចម្រៀងផ្លូវការនៅផលិតកម្មហង្សមាសហើយ

ចែករំលែក៖

    ភ្នំពេញ៖ កុមារី រ៉ន ចាន់ឌីន ដែលទស្សនិកជនជាច្រើនដឹងអំពីប្រវត្តិតស៊ូក្នុងជីវិតដ៏កម្សត់នោះ បានឱកាសច្រៀងក្នុងផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយក្រោយពីតស៊ូក្នុងការងារសិល្បៈជាច្រើនឆ្នាំរួមជាមួយម្តាយនិងប្អូនស្រីពេលនេះបទថ្មីរបស់នាងត្រូវបានបញ្ចេញហើយកាលពីថ្មីៗនេះគឺបទ”ស្រុកស្រែខែវស្សា” ដែលជាបទមនោសញ្ចេតនាស៊ីជម្រៅ និងទទួលបានការសរសើរច្រើនពីទស្សនិកជន។

រ៉ន ចាន់ឌីន ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ កាន់តែចាប់អារម្មណ៍ក្រោយពីនាងនិងប្អូនស្រីកុមារី រ៉នណាវី ធ្លាប់បានបញ្ចេញបទចម្រៀងចម្រៀងផ្ញើពុក ដែលជាបទកម្សត់រៀបរាប់ពីទឹកចិត្តនឹករលឹកឪពុកដែលចាកចោលគ្រួសារទៅរៀបការប្រពន្ធថ្មី និងអារម្មណ៍អាណិតម្តាយដែលត្រូវរ៉ាប់រងចិញ្ចឹមកូនស្រីទាំងលំបាកនោះ។ អបអរសាទរដែលពេលនេះនាងបានក្លាយជាតារាចម្រៀងកុងត្រារបស់ផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយ។ ពេលនេះនាងបានបញ្ចេញបទចម្រៀងនេះភ្លាមទទួលបានការពេញចិត្តច្រើនពីទស្សនិកជនភ្លែតទាំងកាយវិការទឹកមុខ អត្ថន័យនៃបទចម្រៀង ពិសេសសំឡេងយ៉ាងគ្រលួចគួរឲ្យចង់ស្តាប់របស់តារាចម្រៀងវ័យក្មេងរូបនេះ។ ការរងចាំរយៈពេល៣ឆ្នាំនៃការទទួលបានឱកាសច្រៀងក្នុងផលិតកម្មលំដាប់ជួរមុខនេះមិនបានធ្វើឲ្យនាងអស់សង្ឃឹមឡើយ ខណៈដែលបទបើកមុខថ្មីនេះនឹងត្រូវបានគេរំពឹងថានឹងបើកទីផ្សារការងារឲ្យនាងកាន់តែច្រើនដើម្បីទ្រទ្រង់ជីវភាព និងគ្រួសារដែលធ្លាប់រងវិបត្តិព្រោះឪពុករត់ទៅរៀបការជាមួយស្រីថ្មីចោលម្តាយ និងប្អូនស្រីដ៏កម្សត់នោះ។ អ្នកបានស្តាប់ជាច្រើនបានថ្លែងកោតសរសើរអំពីសមត្ថភាពទឹកដមសំនៀងរបស់នាងដែលកម្រនឹងកុមារី ឬតារាចម្រៀងអាជីពមួយចំនួនមិនអាចធ្វើបាន ខណៈដែលរូបរាងមុខមាត់របស់នាងក៏ចាប់ផ្តើមប្រែប្រួលស្ទើតែក្លាយជានារីពេញវ័យក្រមុំបាត់ទៅហើយ។ អ្នកគាំទ្រនាងជាច្រើនរំពឹងថានាងនឹងទទួលបានឱកាសបញ្ចេញសមត្ថភាពក្នុងបទចម្រៀងថ្មីក្នុងផលិតកម្មខាងលើផងដែរ ៕

ដោយ៖ វឌ្ឍនា

 


ចែករំលែក៖