ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែកចំនួន៧គីឡូក្រាមនិងសរសៃគុយទាវ៩គីឡូក្រាមនៅផ្សារក្រោលគោខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីជំនាញបានបន្តរកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែកនិងសរសៃគុយទាវជាច្រើនគីឡូក្រាមនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នៅផ្សារក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានឲ្យដឹងថា ក្រុមត្រួតពិនិត្យ មន្ត្រីជំនាញយើងបានត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគនៅក្នុងផ្សារតាមស្តង់តាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន៣៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាពិសេសមន្ត្រី កបប យើងក៏បានផ្សព្វផ្សាយនិងចែកស្ទិកគ័រដល់អាជីវករដើម្បីបានយល់ដឹងអំពីផលិតផលដែលសំបកវេចខ្ចប់មានស្លាកសញ្ញាត្រឹមត្រូវផងដែរ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ដូចជាពពុះសណ្តែកចំនួន៧គ.ក្រ. មាន (គីមី Borax )និងសរសៃគុយទាវ៩គ.ក្រ.មានសារធាតុគីមី ព្រមទាំងទឹកដោះគោកូនក្មេងម៉ាកADដែលហួសកាលបរិច្ឆេទប្រើប្រាស់ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោក ផឹង និល បានអំពាវនាវដល់អាជីវករដែលជាអ្នកលក់ដូរត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដាក់ក្នុងម្ហូបអាហារ និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖