ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលដាក់ចេញ វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ , កាបូប និងវិស័យទេសចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីរោងចក្រ ធ្វើដំណើរ -សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផល , កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិត អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖

• បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១ នាក់ ដែល បំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២១ ។ ម្ចាស់រោងចក្រ-សហគ្រាសក្នុង វិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ) ។

• បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញ ការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់ , ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២១ ។ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែម លើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។

• បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប , ខេត្តព្រះសីហនុ , ខេត្តកែប , ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២១ ។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ ។

• បន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន រយៈពេល ០៦ ខែ បន្តទៀត គឺរហូត ដល់ខែ កក្កដា ឆ្នាំ ២០២១ ។ ការពន្យារពេលនេះនឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវស្ថានភាព សង្គម -សេដ្ឋកិច្ចជាក់ស្តែង ។
• បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម ។
• បន្តលើកលែងការបង់ពន្ធប៉ាតង់ និងពន្ធលើតែមប្រិ៍សារពើពន្ធ (ពន្ធលើស្លាកយីហោ) ចំពោះក្រុម ហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀត ។ អ្នកជាប់ពន្ធទាំងនេះ មានកាតព្វកិច្ចត្រូវធ្វើបច្ចុប្បន្នភាពប៉ាតង់ ។

• កំណត់ឱ្យអ្នកជាប់ពន្ធក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប , ខេត្តព្រះសីហនុ , ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២០ យ៉ាងយឺតបំផុតឱ្យបាន មុនដំណាច់ខែ មីនា ឆ្នាំ ២០២១ ប៉ុន្តែមិនតម្រូវឱ្យបង់ពន្ធគ្រប់ប្រភេទ៕

ដោយ៖ សិលា


ចែករំលែក៖