ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រមិនប្រកាន់ស្ដាំ បុកម៉ូតូសណ្ដោងរ៉ឺម៉ករួចមាន ម៉ូតូផ្សេងទៀតបុកគូថពីក្រោយស្លាប់ម្នាក់របួសធ្ងន់ស្ត្រីម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តកុងតឺន័របើកមិនប្រកាន់ស្ដាំបុកម៉ូតូសណ្ដោងរុឺម៉ករួចក៏មានម៉ូតូមួយគ្រឿងផ្សេងទៀតបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាចន្លោះម៉ោង៣រសៀលថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣០-១៣១ ស្ថិតក្នុង​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ​ឈ្មោះ ត្រា  អាយុ ២៧ ឆ្នាំ មុខរបរ ជាង​បាញ់ថ្នាំ រស់នៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បើកម៉ូតូ​សណ្ដោងរ៉ឺម៉ក ម៉ាក​ហុងដា វ៉េវ (​ប្រភេទ​ម៉ូតូ​ចាស់​) គ្មានស្លាក​លេខ ខូចខាតទាំងស្រុង។

ចំណែកភាគីម៉ូតូផ្សេងទៀតមានឈ្មោះ ពៅ ហ៊​ន ភេទ​ស្រី អាយុ ៤៧ ឆ្នាំ មុខរបរ លក់ដូរ រស់​ភូមិ​កំពង់ត្រាច ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀងជិះម៉ូតូម៉ាក​ហុងដា វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១C -២១៩៤។

ចំណែកអ្នកបើករថយន្តកុងតឺន័រ មិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយបង្កហេតុឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនភ្លាមៗ។

តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុមានរថយន្ត​កុងតឺន័រ  ម៉ាក FUSO ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ ៣C -៣០៣០ នឹង​សឺ​មី​រ៉ឺម៉ក ពណ៌​លឿង ស្លាក​លេខ ភ្នំពេញ ៤A -៤៣៨៣ ​ក្នុង ទិសដៅ​ពី​ខាងលិច ទៅទៅខាងកើតមិនប្រកាន់ស្ដាំ ខណៈមកដល់​កន្លែងកើតហេតុ ក៏បាន​បុក​ម៉ូតូ​រ៉ឺម៉ក ម៉ាក​ហុងដា វ៉េវ (​ប្រភេទ​ម៉ូតូ​ចាស់​) គ្មានស្លាក​លេខ  ទិសដៅ​ផ្ទុយគ្នា ពី​ខាងកើត ទៅខាង​លិច បន្ទាប់មក ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក​ហុងដា វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១C -២១៩៤ បាន​បុក​ម៉ូតូ​រ៉ឺម៉ក ពីក្រោយ ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ពេញទំហឹងលាន់សូរដូចរន្ទះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញ និងរាយការណ៍មកសមត្ថកិច្ចអន្តរាគមន៍ដឹកមកកាន់មន្ទីរពេទ្យស្រុកស្វាយទាប។

ចំណែកអ្នកស្លាប់ត្រូវបានសមត្ថកិច្ច ប្រគល់សពឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី រីឯ​មធ្យោបាយ​ទាំងបី​គ្រឿង អូសយកមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕


ចែករំលែក៖