ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារនៅក្នុងសង្កាត់ទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤  ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អនុសាខាកាកបាទក្រហមខណ្ឌចំការមន  បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ក្រោមអធិបតីភាពលោក ថេង សុថុល  ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ។ 

ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ 

ជាមួយគ្នានោះដែរ លោកប្រធានអនុសាខា បានមានមតិផ្ដាំផ្ញើអំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នាពេលបច្ចុប្បន្ន ដោយត្រូវថែរក្សាអនាម័យឱ្យបានល្អ គឺត្រូវពាក់ម៉ាស់ លាងដៃជាមួយអាល់កុល ជែល ឬលាងដៃជាមួយសាប៊ូ ឱ្យបានស្អាតល្អ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា ព្រមទាំងចូលរួមថែរក្សាបរិស្ថាន ដោយត្រូវចេះវេចខ្ចប់និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ ។

ដោយសង្កេតឃើញថា រដូវនេះជារដូវរំហើយ និងខណៈដែលអាកាសធាតុត្រជាក់កំពុងគ្របដណ្ដប់នៅទូទាំងប្រទេស ក៏ដូចនៅរាជធានីភ្នំពេញ លោកអភិបាលខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រាន ទៀន ធូប បញ្ហាចរន្តអគ្គិសនី សូមចៀសវាងកុំដាក់ដាំបាយ ដាំទឹកទុកចោលជាដើម ហើយលោកអភិបាលខណ្ឌ ក៏បានប្រាប់ឲ្យលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខភាពទាំងអស់គ្នា ។

ជាមួយគ្នានេះ លោក ថេង សុថុល ក៏បានប្រាប់បងប្អូនដែរថា បើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋាន សូមទំនាក់ទំនងមករដ្ឋបាលសង្កាត់ ឬមករដ្ឋបាលខណ្ឌដោយផ្ទាល់ ដើម្បីឲ្យក្រុម ការងារសង្កាត់-ខណ្ឌ ធ្វើការដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា ។

អំណោយដែលទទួលបានក្នុង១គ្រួសាររួមមាន៖

-អង្ករចំនួន១ប៉ាវ ទម្ងន់២៥គីឡូក្រាម

-ទឹកត្រីចំនួន១ដប

-ទឹកស៊ីអ៉ីវ ចំនួន១ដប

-ត្រីខ ចំនួន២កំប៉ុង 

– សាប៊ូ ចំនួន១ដុំ

-ម៉ាស់ ចំនួន១០

-មី ចំនួន១០កញ្ចប់

-ក្រមាចណួន១

-ថវិកា ៤០,០០០រៀល (ខណ្ឌ ២០,០០០រៀល, សង្កាត់ ២០,០០០រៀល) ៕ ដោយ ៖ជីណា


ចែករំលែក៖