ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណៈផ្ទះរស្មីលក់ផ្កាស្រស់មួយកន្លែងក្នុងក្រុងស្វាយរៀងត្រូវបានភ្លើងឆាបឆេះ ហើយភ្លាមៗនោះត្រូវបានរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ទាន់ពេល មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារបន្តិចបន្តួចប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ស្ថិតនៅហាងយីហោរស្មីលក់ផ្កាស្រស់ មានលក់កាដូនិងទទួលរៀបចំបាច់ផ្កាកន្ត្រកផ្កាគ្រប់ប្រភេទ
ក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះលក់ផ្កាមួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ប្រភពបន្តថា ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថនិងនគរបាលសរុបចំនួន៣គ្រឿងមកជួយបាញ់ទឹកពន្លត់រហូតគ្រប់គ្រងស្ថានការណ៍បានមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ចំពោះហាងដែលឆាបឆេះមានម្ចាស់ឈ្មោះសុខចាន់រស្មី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ផ្កា រស់ក្នុងភូមិកើតហេតុខាងលើ។
ប្រភពបន្តថា ហេតុដែលបណ្ដាលឱ្យឆាបឆេះនេះគឺមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់។ចំណែកទ្រព្យសម្បត្តិសម្ភារខូចខាតមានដូចជាវាំងនន ទូសម្រាប់ដាក់របស់របរនិងទូម៉ាស៊ីនត្រជាក់បន្តិចបន្តួចប៉ុណ្ណោះ។
សូមបញ្ជាក់ថា នេះពិតជាសំណាងហើយដែលមានរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលដោយប្រើរយៈពេលជិតកន្លះម៉ោងគ្រប់គ្រងស្ថានការណ៍បានមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង៕
ដោយ៖យឹម សុថាន