ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តប្រពន្ធទី២រត់ចោលផឹកថ្នាំពុលសម្លាប់ខ្លួនតែមិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ក្រោយពីលែងលះប្រពន្ធទី១រួចរាល់ហេីយទៅមានប្រពន្ធមួយទៀត លុះក្រោយពីរស់នៅជាមួយគ្នាមួយរយៈពេលស្រាប់តែប្រពន្ធក្រោយនេះបានរត់ចោលគាត់បាត់ទៀត ។ដោយសារតែជួបវិបត្តិគ្រួសារផ្ទួនៗគ្នាបែបនេះ បានធ្វើឲ្យគាត់ខូចចិត្តយ៉ាងខ្លាំងហើយក៏ផឹកថ្នាំពុលសម្លាប់ខ្លួនឯង ប៉ុន្តែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនិងត្រូវបាននគរបាលហៅរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះជាបន្ទាន់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ប៉ុន្តែមិត្តភក្ដិបានហៅគាត់ថា នាគៗ មានអាយុប្រហែល៤០ឆ្នាំ មុខរបរជាកម្មករសំណង់នៅការដ្ឋានជិតនោះដែរ។ 

មិត្តភក្ដិរួមការងារជាមួយបុរសនេះបានប្រាប់ថា បុរសនេះធ្លាប់បានប្រាប់ពួកគាត់ពីវិបត្តផ្លូវចិត្តដែលបានកើតឡើងលើខ្លួនគាត់ជាបន្តបន្ទាប់ដែលធ្វើឲ្យគាត់លែងចង់រស់នៅតទៅទៀត ដោយមានប្រពន្ធ២  ប៉ុន្តែប្រពន្ធដើមបានលែងលះគ្នាក្នុងពេលកន្លងមក។ក្រោយពីលែងប្រពន្ធដើមបុរសនេះបានយកប្រពន្ធទី២ម្នាក់ទៀតដើម្បីសាងគ្រួសារថ្មី ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ គឺក្រោយពីការរួមរស់ជាមួយគ្នាបានមួយរយៈប៉ុណ្ណោះក៏ស្រាប់តែប្រពន្ធទី២នេះបានរត់ចោលគាត់បាត់ទៀត។

ប្រភពដដែលបានបន្តទៀតថា ព្រោះតែវិបត្តិគ្រួសារនេះហើយទើបពេលទៅរកត្រីធ្វើម្ហូបនៅចំណុចស្រះទឹកជិតកន្លែងកើតហេតុបុរសនេះបានយកថ្នាំពុល១ដបទឹកសុទ្ធទៅតាមដើម្បីផឹកសម្លាប់ខ្លួន ហើយត្រូវបានមិត្តភក្ដិទាំងអស់នាំគ្នាហាមឃាត់និងយកថ្នាំពុលនោះបោះចោល ប៉ុន្តែពុំបាននឹកឃើញថាបើកគម្របដបចាក់ចោលទាល់តែសោះ។បន្ទាប់មកក៏បានបែកគ្នាទៅរកត្រីជាធម្មតា លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញជនរងគ្រោះដើរសុខៗស្រាប់តែដួលប្រកាច់បែកពពុះមាត់ក៏នាំគ្នារត់ទៅមើល ហើយបានឃើញដបថ្នាំពុលដែលយកទៅចោលនោះស្ថិតនៅក្បែរខ្លួនគាត់ទើបដឹងថាបុរសនោះបានទៅរើសយកថ្នាំពុលមកវិញហើយផឹកសម្លាប់ខ្លួនឯង។

ក្រោយពេលកើតហេតុនគរបាលបានចុះទៅពិនិត្យមើលនិងបានហៅរថយន្តពេទ្យដឹកយកបុរសខាងលើទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ហើយក៏បានរកឃើញនៅក្នុងទូរស័ព្ទបុរសនោះមានវីដេអូឃ្លីប១ដែលបុរសនោះថតដោយខ្លួនឯងមុនពេលផឹកថ្នាំធ្វើអត្តឃាត ដោយបានសុំឲ្យប្រពន្ធអត់ទោស សុំឲ្យមិត្តភក្ដិជួយយកសាកសពគាត់ទៅបូជាក្នុងវត្ត ព្រមទាំងបញ្ជាក់ថា គ្មាននរណាសម្លាប់គាត់ទេគឺគាត់សម្លាប់ខ្លួនឯង៕

ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖