ខេត្តកំពង់ចាម ៖ សមត្ថកិច្ចចម្រុះខេត្តបានបេីកការបង្ក្រាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀន តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្នុងតំបន់ស្មុគស្មាញ ចំណុចវត្តមៀន ក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ជាបន្តបន្ទាប់ ។
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាមឱ្យដឹងថា កិច្ចសហការបង្ក្រាបជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត ។
លោកបន្តថា កិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរខុសច្បាប់នូវសារធាតុញៀន ធ្វេីក្នុងស្ថានភាពស្មុគស្មាញ ដោយប្រើវិធានញុះញង់ ក្នុងនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ (ស្រី១នាក់) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីនៅចំណុចវត្តមៀន ក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សជាគ្រឿងញៀន ចំនួន៨៤កញ្ចប់ (ធំចំនួន៥កញ្ចប់), ទូរស័ព្ទដៃចំនួន៨គ្រឿង និងរថយន្តធំចំនួន២គ្រឿង។
លោកថា មុនចាប់ឃាត់ខ្លួនក្រុមជនសង្ស័យបានទាំង៨នាក់ គឺក្រោយពេលឃាត់ខ្លួនជនសង្ស័យម្នាក់ដំបូងយកទៅសាកសួរហេីយសារភាពទេីបកម្លាំងសមត្ថកិច្ចបន្តចុះបង្ក្រាបដោយមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម និងមានការឯកភាពពីលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៦ៈ០០នាទីព្រឹក កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ជំនាញអធិការដ្ឋានស្រុកជើងព្រៃ បន្តសហការជាមួយជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជំនាញអធិការដ្ឋានស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដឹកនាំផ្ទាល់ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បន្តចុះទៅដល់មូលដ្ឋានស្រុកស្អាង និងបានឃាត់ខ្លួនជនសង្ស័បន្ថែមចំនួន៤នាក់ (ស្រី ១នាក់) មានឈ្មោះដូចខាងក្រោម ៖
ទី១-ឈ្មោះ សឿន សោភ័ណ្ឌ ភេទស្រី អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ននៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល, ទី២-ឈ្មោះ ឈន ឈីន ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល, ទី៣-ឈ្មោះ អ៊ុន លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល, ទី៤-ឈ្មោះ អៃ អេ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន៤២កញ្ចប់ (ធំ៦កញ្ចប់), ទូរស័ព្ទដៃ ៥គ្រឿង, រថយន្ត១គ្រឿង, កាំភ្លើងកែច្នៃ១ដើម, ស្រោមកាំភ្លើង K៥៤, ស្លាកលេខខេមរភូមិន្ទ២បន្ទះ, អាយកូម ១គ្រឿង, អាវខេមរភូមិន្ទ ថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយ១សម្រាប់ និងថង់វេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖វណ្ណៈ