ព័ត៌មានទាន់ហេតុការណ៍៖

សត្វទន្សោង ជាប្រភេទជិតផុតពូជនៅលើពិភពលោក​ ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN

ចែករំលែក៖

     ភ្នំពេញ៖ បើតាមការផ្សាយរបស់អង្គការ WCS Cambodia លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានបង្ហាញថាសត្វទន្សោងដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ពេលនេះត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាក់ស្តែងក្នុងរយៈពេលពីរ ទៅបីទសវត្សរ៍ចុងក្រោយនេះចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើន ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់ និងស្នែង។ ចំណែកជំងឺមួយចំនួនដែលកើតមានលើពពួកសត្វពាហនៈ ក៏ជាកត្តាគំរាមកំហែងចំពោះប្រភេទសត្វនេះផងដែរ។

អង្គការ WCS Cambodia បានបញ្ជាក់បន្ថែមថា សត្វទន្សោងមានវត្តមានរាយប៉ាយនៅទូទាំងប្រទេសកម្ពុជា ជាពិសេសមានច្រើននៅតំបន់ភាគនិរតីភាគខាងជើង និងភាគពាយព្យ។ តាមការប៉ាន់ស្មាន ប្រទេសកម្ពុជាទំនងជាមានចំនួនសត្វទន្សោងច្រើនជាងគេប្រហែល៤០០០ក្បាល ហើយនឹងមានចំនួនតិចតួចនៅក្នុងប្រទេសវៀតណាម។ សត្វទន្សោងចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃរបោះវាលស្មៅ ព្រៃគុម្ពោត និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។

បច្ចុប្បន្នអង្គការ WCS Cambodia បានសហការជាមួយក្រសួងបរិស្ថានខិតខំប្រឹងប្រែងការពារទីជម្រករបស់សត្វទន្សោងនៅក្នុងតំបន់ការពារធម្មជាតិក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ដើម្បីការពារសត្វប្រភេទនេះកុំឱ្យផុតពូជ។

គួរបញ្ជាក់ថាទាក់ទិននឹងករណីនេះដែរបេីយោងមាត្រា៥៨ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា៖ការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី១០០,០០០រៀល(ដប់ម៉ឺនរៀល) ដល់ ,០០០,០០០រៀល (១លានរៀល)៕ដោយ៖សតារា

(រូបភាព៖មរតកកម្ពុជា)


ចែករំលែក៖