ព័ត៌មានទាន់ហេតុការណ៍៖

អំណោយ លោក ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋចំនួន២គ្រួសារក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ តំណាង លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់ប្រជាពលរដ្ឋចំនួន២ គ្រួសារ ក្នុងនោះមួយគ្រួសារ ជាស្ត្រីម៉េម៉ាយ មានកូនក្នុងបន្ទុកចំនួន៤នាក់ នឹងមួយគ្រួសារទៀតមានកូន៥នាក់ក្នុងបន្ទុក ដែលបច្ចុប្បន្នកំពុងមានជីវភាពខ្វះខាត ស្ថិតនៅភូមិ ប៉ោយសំរោង  ឃុំ ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងមួយគ្រួសារទទួលបាន សម្ភារគ្រឿងឧបភោគបរិភោគ ចំនួន ៦មុខ សារ៉ុង១ និងថវិកាមួយចំនួនផងដែរ។

 ក្នុងឱកាសនោះដែរលោកមេបញ្ជការរង-នាយសេនាធិការកងពល បានជម្រាបជូនថាស្ថិតនៅក្នុងស្ថានភាពជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមួយចំនួនពិតជាជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមលទ្ធភាពជាក់ស្ដែង។ ពិសេសត្រូវណែនាំបងប្អូនកូនចៅ ដែលវិលមកពីប្រទេសថៃសូមកុំគេចវេសពីការធ្វើចត្តាឡីស័ក១៤ថ្ងៃនិងបន្តអនុវត្តអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ៕

ដោយ៖សិលា


ចែករំលែក៖