ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖  មនុស្ស២នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូបុកគ្នាពេញទំហឹង នៅវេលាម៉ោង៧និង០០នាទី យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ១២១០ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល-1AH-4845 បើកបរដោយឈ្មោះ រ៉ា ចាន់រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ) មុខរបរ :កសិករ មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល និងមានអ្នករួមដំណើរម្នាក់ដោយឈ្មោះ សុិន សល់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ:កសិករ មានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់)។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1T-8267 បើកបរដោយឈ្មោះ សៅ សុីណាក់ ភេទប្រុស អាយុ ៤១ឆ្នាំ.(ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ) មានទីលំនៅភូមិ ឃុំចារ ស្រុកព្រៃកប្បាស ខេត្ត តាកែវ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០ជិះគ្នា២នាក់ បានធ្វើដំណើរពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូហុងដាឌ្រីម ស៊េរី២០១៥ ពេញមួយទំហឹង ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ២នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងកសាងឯកសារដកហូតវត្ថុតាងទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅព្យាលបាលនៅមន្ទីពេទ្យរាជធានីភ្នំពេញ ។
យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូហុងដា ស៊េរីឆ្នាំ២០២០ មានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿន ទើបបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

 

ដោយ៖ស្អាង ជ័យ


ចែករំលែក៖