ព័ត៌មានទាន់ហេតុការណ៍៖

គេហទំព័រអន្តរជាតិលើវិស័យកញ្ញាឯកចាប់អារម្មណ៍ខ្លាំងនឹងដំណឹងដកតំណែងកញ្ញាឯកពី សេង រដ្ឋា

ចែករំលែក៖

     ភ្នំពេញ៖ មិនបានមួយថ្ងៃស្រួលបួលផងគេបានសង្កេតឃើញមានគេហទំព័រផ្លូវការកញ្ញាឯកនានានៅក្នុងតំបន់ជាច្រើនបាននិងកំពុងមានការចាប់អារម្មណ៍ខ្លាំងទៅលើករណីនៃការប្រឈមការដក តំណែងពីកញ្ញា សេង រដ្ឋា កញ្ញាឯក Miss Grand Cambodia 2020 ខណៈដែលភាពចម្រូងចម្រាសរវាងអ្នកផលិតកម្មវិធីនិងកញ្ញាឯកនេះនៅបន្តអូសបន្លាយមិនទាន់បញ្ចប់។

ពេលនេះអ្នកគាំទ្រកញ្ញាឯក សេង រដ្ឋា នៅកម្ពុជាបាននិងកំពុងអន្ទះសារចង់ដឹងពីមូលហេតុច្បាស់លាស់នៅពីក្រោយរឿងនេះ និងលទ្ធផលចុងក្រោយដែលនឹងត្រូវសម្រេចយ៉ាងដូចម្តេច ខណៈដែលកម្មវិធីប្រកួតទ្រង់ទ្រាយអន្តរជាតិដែលនឹងធ្វើនៅប្រទេសថៃនោះកាន់តែខិតកៀកចូលមកដល់ ស្របពេលដែលភាគីទាំងពីរពោលគឺទាំងកញ្ញា សេង រដ្ឋានិងផលិតកម្មមហាហង្សដែលជាអ្នកទទួលសិទ្ធិរៀបចំកម្មវិធីលើកដំបូងនេះ មិនទាន់រកចំណុចឯកភាពគ្នា

ដំណឹងនៃការរុញទូកបណ្តោយទឹកគឺសុខចិត្តឲ្យអ្នកផលិតកម្មវិធីដកតំណែង ឬយកមកុដ ត្រឡប់ទៅវិញនេះបានធ្វើឲ្យផ្ទុះកក្រើកផ្អើលអស់មហាជនកាលពីថ្ងៃទី១៩ខែ មករា ម្សិលមុិញនេះ ស្របគ្នានេះដែរសារព័ត៌មាន និងគេហទំព័រផ្លូវការជាច្រើនដែលនិយមចូលចិត្តតាមដានកម្មវិធីកញ្ញា ឯកនានានោះមានការផ្សព្វផ្សាយ និងត្រូវបានចែករំលែកពាសពេញសាកលលោក។ ក្នុងនោះដែរគេសង្កេតឃើញមានគណនីយហ្វេសប៊ុកផ្លូវការជាច្រើនរបស់ប្រទេសថៃមានការចែករំលែកព័ត៌មានដ៏រសើបនេះ រហូតលេចចេញពាក្យលេបខាយឌឺដងផ្លែផ្កាពីអ្នកលេងហ្វេសប៊ុកជនជាតិថៃជាច្រើនផងដែរ។

គេហទំព័រនិយាយពីកញ្ញាឯកឈ្មោះ ASEAN Beauty Pageant, គេហទំព័រSEA Pageantនិងគេហទំព័រមួយចំនួនទៀតបានលើកឡើងដូចគ្នាថា សេង រដ្ឋាបានដកខ្លួនចេញដោយខ្លួនឯង ដោយអ្នករៀបចំកម្មវិធីមិនបានផ្តល់ជំនួយណាមួយសម្រាប់ការបណ្តុះបណ្តាលបង្ហាញម៉ូតនិងថតរូបរបស់នាង រួមទាំងរង្វាន់ដែលនាងបានឈ្នះពីមុនដោយសារបញ្ហានេះនាងត្រូវចំណាយលុយផ្ទាល់ខ្លួនសម្រាប់ការបណ្តុះបណ្តាលនិងការថតរូបដែលនាងបានធ្វើ។ អ្នកផលិតកម្មវិធីខឹងនឹងនាងហើយចង់ដកតំណែងនាងចេញ។ ប៉ុន្តែនាងបានចាត់វិធានការដំបូងថានាងសុខចិត្តដកហូតតំណែងរបស់នាងនៅថ្ងៃនេះ។ប្រភពថាទោះយ៉ាងណាកម្ពុជាបានបាត់បង់ភាពទាក់ទាញមួយទៀតសម្រាប់ការប្រកួតបវរកញ្ញាអន្តរជាតិ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីថ្ងៃទី១៩ខែមករាឆ្នាំ២០២១នេះ ផលិតកម្មបានបញ្ចេញលិខិតអញ្ជើញកញ្ញា សេងរដ្ឋាឲ្យទៅចូលរួមដោះស្រាយបញ្ហា អមដោយសារព្រមានធ្វើចំណាត់ការទៅតាមផ្លូវច្បាប់នោះ មិនបានធ្វើឲ្យកញ្ញា សេង រដ្ឋាព្រួយបារម្ភរង្គើចិត្តរូតរះទៅជួបតាមការហៅឡើយ ថែមទាំងបានបន្តព្រលយសារថាជាការចំណាយពេលច្រើនលើកច្រើនសារទៅវិញទេ គឺក្រុមហ៊ុនគួរតែទុកពេលបង្វឹកអ្នកថ្មី ពោលគឺកញ្ញាឯកផ្សេងដែលមិនមែនជានាង។ កញ្ញាឯករូបនេះក៏បញ្ចេញអារម្មណ៍សុំទោសទៅកាន់អ្នកគាំទ្រប៉ុន្តែនឹងធ្វើទៅតាមអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសដកតំណែងជាសាធារណៈកន្លងមក ហើយនាងនឹងបង្ហាញវត្តមានតែនៅក្នុងថ្ងៃធ្វើសន្និសីទកាសែតតែមួយគត់ ហើយត្រូវតែជាថ្ងៃដែលមានកាលកំណត់មួយច្បាស់លាស់។

ទោះជាយ៉ាងណានេះបានក្លាយទៅជាប្រវត្តិមិនល្អលើកដំបូងសម្រាប់វិស័យកញ្ញាឯកនៅកម្ពុជា និងក្រោយពីវិស័យនេះហាក់ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖