ខេត្តកំពង់ចាម៖ សូមបញ្ជាក់ថា, បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ បើកសាលា ទាំងរដ្ឋនិងឯកជនបង្រៀនឡើងវិញ តាមគន្លងថ្មីនៃណែនាំតាមក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ គេក៏បានសង្កេតឃើញថា, មានករណី ជ្រើសរើសគ្រូកិច្ចសន្យាឡើងវិញ ហើយត្រូវឆ្លងកាត់ការប្រឡងជាក់ស្ដែង កាលពីថ្ងៃទី ១២ ខែមករាឆ្នាំ ២០២១ ដែលមានមណ្ឌលប្រឡងធ្វើឡើងនៅសាលាបឋមសិក្សាបាធាយ ស្ថិតក្នុងភូមិ-ឃុំ-បាធាយ ខេត្តកំពង់ចាម ក្នុងនោះមានបេក្ខជនចំនួន ១៩៨នាក់ ។ ការប្រឡងនេះក៏មានបេក្ខជនលួចទម្លាយថា, អ្នកមិនចេះគ្រាន់តែបានបង់លុយឲ្យប្រធានមណ្ឌល និងអនុរក្ស គឺជាប់។ ចំណែកឯអ្នកចេះពិតប្រាកដ មិនជាប់បើមិនបានបង់លុយឲ្យប្រធានមណ្ឌល និងអនុរក្សនោះ។ ចំណុចមួយទៀតបេក្ខជនក៏បានចោទប្រកាន់ទៅលើលោក អ៊ុង លាងអាន ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកបាធាយ ជាប្រធានមណ្ឌលប្រឡងខ្លួនឯងផង ជាអ្នកបូកសរុបខ្លួនឯងផង ជាអ្នកជ្រើសរើសខ្លួនឯងផង ជាអ្នកត្រួតពិនិត្យគូសជាប់ធ្លាក់ខ្លួនឯងទៀតផង មានឱកាសក្នុងការផ្ដល់លទ្ធភាពឱ្យអ្នកបង់លុយជាប់បានយ៉ាងស្រួល។
បេក្ខជនបានលើកឡើងថា មានឈ្មោះលោក លីវ សុខលាភ ជាអ្នក សម្របសម្រួលចេញមុខរត់ការ យកលុយពីបេក្ខជន ដែលទម្លាប់នេះត្រូវបានគេទម្លាយថា, ធ្លាប់ធ្វើរាប់ឆ្នាំមកហើយ អ្នកបង់លុយជាប់ អ្នកគ្មានលុយបង់ត្រូវធ្លាក់។
ថ្មីៗនេះក៏មានប្រភពមួយចំនួនទៀតបានបង្ហើបឲ្យដឹងថា, បេក្ខជនដែលបានដាក់លុយឲ្យ ២០០ដុល្លារ , ៣០០ដុល្លារ ឬ ៥០០ដុល្លារ អាចជាប់ជាគ្រូកិច្ចសន្យា ។ ពេលបានបើកប្រាក់បៀវត្សក្នុងរយៈពេលបួនខែម្ដង ហើយគាត់ត្រូវយកប្រាក់ខែមួយខែមកវិញដើម្បីប្រគល់ជូនក្រុមអ្នកទាំងនោះម្ដងទៀត។
សូមបញ្ជាក់ថា ,ក្រោយពីការប្រលង ហើយត្រូវបានប្រកាសលទ្ធផលនៅថ្ងៃទី១៥ ខែមករាឆ្នាំ ២០២១ ត្រូវបានគេសង្កេតឃើញថា បេក្ខជនជនឈ្មោះអ្នកអោយលុយទៅប្រធានការិយាល័យអប់រំស្រុក គឺជាប់ពិតប្រាកដមែន។
ពាក់ព័ន្ធនឹងករណីចោទប្រកាន់ខាងលើនេះ លោក អ៊ុង លាងអាន ប្រធានការិយាល័យអប់រំស្រុកបាធាយ បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡាក្រាមថា, ព័ត៌មាននេះមិនពិតទេ អធ្យាស្រ័យពេលនេះខ្ញុំកំពុង បូកសរុបការងារប្រចាំឆ្នាំនៅសាលាស្រុក។ លោកបានបន្តទៀតថា, មានគណៈកម្មការត្រឹមត្រូវ តាមឧទេ្ទសនាមលេខ០០៥ អយក សបធ ចុះថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ។ ចំណែកលោក លីវ សុខលាភ ជាអ្នកសម្របសម្រួលខាងប្រមូលលុយពីបេក្ខជន ដែលបេក្ខជនចោទប្រកាន់ថា ពុករលួយ គឺអង្គភាព នគរដ្រេហ្គននិងកាសែតនគរវត្ត មិនអាចធ្វើការទំនាក់ទំនងបានទេសុំការបំភ្លឺ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ។
សូមរំលឹកថា, ចំពោះបេក្ខជន ដែលបានប្រឡងដោយសមត្ថភាព តាមរយៈការលះបង់ ដោយសង្ឃឹមថាអ្នកចេះគឺជាប់ ទីបំផុតបែរជាធ្លាក់ ហើយអ្នកមិនចេះប៉ុន្តែមានឱកាសបង់លុយសូកប៉ាន់ បែរទៅទេជាប់ ។ ជុំវិញបញ្ហាខាងលើនេះបេក្ខជនដែលមានសមត្ថភាពស្នើសុំឱ្យលោកប្រធានការិយាល័យអប់រំស្រុក ក៏ដូចជាលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត មេត្តាពិនិត្យសំណៅឯកសារឡើងវិញ នឹងធ្វើការផ្ទៀងផ្ទាត់ទៅលើសន្លឹកកិច្ចការបេក្ខជន និងកំណែឲ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ថា បើធ្លាក់ឲ្យសាម៉ីខ្លួនគេអស់ចិត្ត និងកុំឲ្យមានវប្បធម៌នៃអំពើពុករលួយបែបនេះកើតឡើងបន្តទៀត។ ក្នុងនោះបេក្ខជន ក៏ដូចប្រជាពលរដ្ឋ បានស្នើសុំឱ្យខាងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយធ្វើការស៊ើបអង្កេតស្រាវជ្រាវក្នុងរឿងនេះផង។
សូមជម្រាបជូនផងដែរ, ក្រោយពីមានការបែកធ្លាយ ប្រលងកើតឡើងនូវអំពើពុករលួយ អាចជាលក្ខណៈប្រព័ន្ធ ទើបខាងអង្គភាពមន្ទីរអប់រំខេត្ត បានរៀបចំជារបៀបបង្គ្រប់កិច្ច ដែលមានលោក ហេង គារិទ្ធី ជាអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម ទទួលបន្ទុកក្នុងកិច្ចការនេះ បានធ្វើការបកស្រាយដោយបញ្ជាក់ថា,បន្ទាប់ពីលេចឮករណីមិនប្រក្រតីខាងលើក្រុមការងាររបស់ពួកគាត់ក៏បានចុះមកស៊ើបអង្កេត ហើយបានបញ្ជាក់ថា «បន្ទាប់ពីបានបើកអង្គប្រជុំធ្វើការស្រាវជ្រាវ ជាលទ្ធផលបានបង្ហាញថា គណៈកម្មការគ្រប់គ្រងរៀបចំបានយ៉ាងត្រឹមត្រូវ ទៅតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ពោលគឺរៀបចំស្ទើរ តែដូចការប្រឡងសញ្ញាបត្រដែរ ដោយការប្រឡង កែ បូកស្រង់ប្រកាសលទ្ធផល មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត មន្ទីរមុខងារសាធារណៈខេត្ត និងលោកអភិបាលរងស្រុកផងដែរ»។
ទោះបីជាមានការ បង្វែរទិសដៅបំភាន់បេក្ខជន និងកុំឲ្យថ្នាក់លើចាប់អារម្មណ៍នោះក៏ដោយ ក៏ខាងបេក្ខជនដែលមានសមត្ថភាពសង្ឃឹមថាជាប់ នៅតែទាមទារឲ្យថ្នាក់លើ ជាពិសេសខាងក្រសួងអប់រំ មេត្តាពិនិត្យលទ្ធភាពចំពោះកំណែនោះឡើងវិញ ទើបរកឃើញការពិត យុត្តិធម៌ ចៀសវាងខាងក្រុមការិយាល័យអប់រំស្រុកបាធាយ បន្តប្រព្រឹត្តនូវអំពើបែបនេះ។ ក្នុងនោះចំពោះគ្រូកិច្ចសន្យា ពេលបើកប្រាក់ក្នុងបួនខែម្តង គាត់ត្រូវកាត់ប្រាក់អស់ចំនួនមួយខែ ឬត្រូវយកប្រាក់មួយខែនោះប្រគល់ឲ្យខាងកការិយាល័យអប់រំស្រុក ។ នេះជាអំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម ដែលត្រូវលុបបំបាត់ឲ្យបានទាន់ពេលវេលា៕
ដោយ៖ សុខ ខេមរា