ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញគ្រោងកែលម្អសួន ច្បារមុខក្រសួងការពារជាតិឡើងវិញឱ្យកាន់តែមានសោភណភាពស្រស់ស្អាត

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់សោភណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ស្រួលធ្វើដំណើរ និងមានទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណផងដែរ។
គម្រោងផែនការកែលម្អសួនច្បារមុខ ក្រសួងការពារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្នុងគោលបំណងធ្វើឱ្យសួនច្បារនេះកាន់តែមានសម្រស់ស្រស់ស្អាត ហើយមានភាពបន្ស៊ីគ្នាជាមួយនឹងផ្លូវច្រកចូលក្រសួងការពារជាតិ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញគាំទ្រទាំងស្រុងចំពោះគម្រោងកែលម្អសួនច្បារនេះ ព្រោះវាបានជួយលើកសម្រស់ផ្លូវនេះឱ្យកាន់តែស្រស់ស្អាត ខណៈដែលភ្ញៀវទេសចរអន្តរជាតិ បានធ្វើដំណើរឆ្លងកាត់ច្រើន។
លោកបានណែនាំឱ្យមន្រ្តីជំនាញរបស់រដ្ឋបាល និងក្រសួងការពារជាតិត្រូវសិក្សា គម្រោងកែលម្អសួនច្បារនេះឱ្យបានច្បាស់លាស់ ហើយមានភាពស៊ីគ្នារវាងសួនច្បារចាស់នឹងសួនច្បារថ្មី ដើម្បីឱ្យតំបន់នេះបានស្រស់ស្អាតទាំងព្រម ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើរបងថ្មយ៉ាងស្រស់ស្អាតពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ការកែលម្អរង្វង់មូលក្តាន់២ និងការរៀបចំប្រព័ន្ធចរាចរណ៍ផងដែរ។
លោកបានបញ្ជាក់ថា គម្រោងកែលម្អសួនច្បារនេះអាចនឹងស្ថាបនារួចរាល់ព្រមៗគ្នា ជាមួយនឹងការសាង់សង់អគារទីស្តីការក្រសួងការពារជាតិថ្មី ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរង្វង់ខែមិថុនា ឆ្នាំ២០២១នេះ។ បន្ទាប់មកតំបន់នេះនឹងមានលំហូរចរាចរណ៍ធ្វើដំណើរងាយស្រួលឡើងវិញ មិនប្រឈមនឹងការកកស្ទះដូចសព្វថ្ងៃឡើយ។
លោក ឃួង ស្រេង បានបញ្ជាក់ថា បើមើលមួយភ្លែតយើងថា ការកែសួនធម្មតា ប៉ុន្តែបើសិក្សាពីប្រវត្តិសួនឃើញថា សួននេះស្ថាបនាយូរលង់ណាស់មកហើយ ហើយវាសិ្ថតនៅទីតាំងផ្លូវអន្តរជាតិដែលទទួលភ្ញៀវជាតិនិងអន្តរជាតិធ្វើការឆ្លងកាត់ អ៊ីចឹងទេការកែលម្អសួនសូមឱ្យមន្ទីរសាធារណការធ្វើកិច្ចការងារនេះ ជាមួយក្រុមការងារបច្ចេកទេស ហើយឱ្យចេញជាប្លង់សួនចេញពីកា្តន់២ធ្វើម៉េចឱ្យមានស៊ីមេទ្រីគ្នាក្នុងរចនាប័ទ្មតែមួយ ខ្ញុំសូមឯកភាពទាំងស្រុង ។
លោកឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជានាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិបានថ្លែងថា គម្រោងកែលម្អសួនច្បារមុខទីស្តីការក្រសួងពារជាតិនេះ មិនត្រឹមតែលើកកម្ពស់សោភណភាពទាំងក្រសួង និងសួនច្បារឱ្យមានភាពស្រស់ស្អាតបន្ស៊ីគ្នាប៉ុណ្ណោះទេ គឺបានបើកឱ្យមានចរាចរណ៍ចេញចូលងាយស្រួលផងដែរ។
សូមបញ្ជាក់ថា៖ តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះនឹងត្រូវកាត់សួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះនឹងរៀបជាថ្មក្រានីតដាំស្មៅបំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួលជាមួយនឹងទីតាំងធំទូលាយជាងមុន៕ដោយ៖សំរិត


ចែករំលែក៖