ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមនិងថៃ​មានករណីឆ្លងកូវីដ​-១៩កើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ

ចែករំលែក៖

ប្រទេសជិតខាងកម្ពុជា គឺវៀតណាមនិងថៃមានករណីឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ ។ នៅក្នុងប្រទេសវៀតណាម គិតមកដល់ល្ងាចថ្ងៃទី​៣០ខែមករា បានរកឃើញករណីឆ្លងថ្មីបន្ថែម ២៨នាក់ថ្មីទៀត ​ក្នុងនោះ២៧នាក់ឆ្លងក្នុងសហគមន៍និង​ម្នាក់នាំចូលពីក្រៅប្រទេស។
គិតមកដល់វេលាម៉ោង១៨ ថ្ងៃទី ៣០ខែមករា វៀតណាម​មានអ្នកឆ្លងកូវីដ​-១៩ ក្នុងសហគមន៍ ដល់ទៅ៩០១នាក់​ ។ បើគិតពីថ្ងៃទី ២៧ខែមករាមកដល់ពេលនេះមានអ្នកឆ្លង២០៨នាក់។

តាមគេហទំព័រ Worldometer វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប ១៧៣៩នាក់ ស្លាប់៣៥នាក់ ។ ក្នុងរយៈពេល​៥៥ថ្ងៃកន្លងមក មិនមានអ្នកឆ្លងក្នុងសហគមន៍ឡើយ រហូតដល់ថ្ងៃទី​២៧ខែមករា​។
សារព័ត៌មានចិនស៊ីនហួ នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១បានដកស្រង់របាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រងកូវីដ-១៩របស់ថៃ (CCSA) ដែលបានឲ្យដឹងថា ការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន៩៣០ករណីបន្ថែមទៀត ខណៈដែលអ្នកជំងឺម្នាក់ទៀតត្រូវបានរាយការណ៍ថាស្លាប់។
អ្នកនាំពាក្យ CCSA លោកស្រី Panprapa Yongtrakul បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ៩១៦ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៨៨៩ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត លើជនអន្ដោប្រវេសន៍មីយ៉ាន់ម៉ា និងជនជាតិថៃដែលរស់នៅខេត្ត Samut Sakhon។ ចំណែកឯ ១៤ករណីផ្សេងទៀតជាករណីនាំចូលត្រូវបានរកឃើញលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។
លោកស្រី Panprapa បានគូសបញ្ជាក់បន្ថែមទៀតថា អ្នកជំងឺម្នាក់ដែលត្រូវបានរាយការណ៍ថា ស្លាប់នាពេលថ្មីៗនេះ គឺជាបុរសជនជាតិមីយ៉ាន់ម៉ាអាយុ៣១ឆ្នាំ ដែលរស់នៅខេត្ត Samut Sakhon។ រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១៧,៩៥៣ករណី ក្នុងនោះមានអ្នកស្លាប់៧៧នាក់ និងអ្នកជាសះស្បើយវិញ ១១,៥០៥នាក់៕ ដោយ៖ធី រីណា


ចែករំលែក៖