យោងតាមគេហទំព័រ livescore បានចេញផ្សាយកាលពីថ្ងៃទី២៥ មករាថា ខ្សែបម្រើ Leandro Paredes របស់ក្លិប Paris Saint-Germain បាននិយាយថា ម្ចាស់ជើងឯក Ligue 1 កំពុងធ្វើការ និងបញ្ចុះបញ្ចូលក្នុងការចុះហត្ថលេខាលើប្រធានក្រុម Barcelona កីឡាករ Lionel Messi ។
Messi នឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាលរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្រុម PSG និងក្លិបយក្សនៅ Premier League ផងដែរ។
នាយកកីឡា PSG លោក Leonardo បានបង្ហើបថា ក្លិបខ្លាំងរបស់បារាំងមួយនេះដែលបច្ចុប្បន្នត្រូវបានបង្វឹកដោយលោក Mauricio Pochettinoកំពុងតាមប្រមាញ់ Messi បន្ទាប់ពីតារានិងអតីតមិត្តរួមក្រុម Barcelonaកីឡាករ Neymar មានបំណងប្រាថ្នាចង់ជួបជុំជាមួយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ។
ដោយបាននិយាយពីលទ្ធភាពនៃការមកដល់របស់ Messi មុនពេលដែលក្រុម PSG ឈ្នះក្រុម Montpellier ៤-០ កាលពីថ្ងៃសុក្រ លោក Leonardo បានប្រាប់ Corriere dello Sport ថា “វាអាស្រ័យលើ Messiដើម្បីមកក្លិបនៅបារាំង ពីព្រោះ PSG កំពុងព្យាយាមបញ្ចុះបញ្ចូលគាត់។
សូមបញ្ជាក់ថា Messi មិនបានបង្ហាញខ្លួនឲ្យក្រុម Barcelona ឈ្នះក្នុងលទ្ធផល ២-០ លើក្រុម Elche នៅ La Liga កាលពីថ្ងៃអាទិត្យនោះទេ ដោយសារតែការព្យួរការប្រកួតចំនួន២ប្រកួតរបស់គាត់ បន្ទាប់ពីទទួលបានកាតក្រហមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Super Cup ដែលបានបរាជ័យក្រោមស្នាដៃក្រុម Athletic Bilbao។ កីឡាករវ័យ៣៣ឆ្នាំរូបនេះរកបាន១១គ្រាប់ក្នុង១៧ប្រកួតសម្រាប់លីគកំពូលអេស្ប៉ាញរដូវកាលនេះ៕
ដោយ៖ភារៈ