ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ប្រតិបត្តិការសឹករងតាកែវ បន្តពង្រឹងកម្លាំង សហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនកម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្តតាកែវ ៖ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ លោកវរសេនីយ៍ឯក ចាប សាវឿន មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងតាកែវ អញ្ជើញចុះពិនិត្យកម្លាំង នៅតាមបណ្តគោលដៅ ដែលសហការជាមួយកម្លាំង នគរបាលវរសេនាតូចលេខ៦០៣ ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង បានដាក់បទបញ្ជាដល់កងកម្លាំងឈរជើងគ្រប់បណ្តាគោលដៅ រួមមាន កងវរសេនាតូចលេខ១ ផ្នែកសឹករងគិរីវង់, កោះអណ្តែត, បូរីជលសារ និងផ្នែកសឹករងអង្គរបូរី ត្រូវយកចិត្ដទុកដាក់ ក្នុងការល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាត ឱ្យមានប្រជាពលរដ្ឋទាំងសងខាង លួចឆ្លងដែនដាច់ខាតនៅគ្រប់បណ្តាគោលដៅទាំងអស់។

លោកវរសេនីយ៍ឯក ចាប សាវឿន មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងតាកែវ បានកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានឈរជើងការពារនៅគោលដៅរបស់ខ្លួន ប្រកបដោយភាពអំណត់ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាក្នុងកិច្ចការពារសុខសុវត្ថិភាពជូនជាតិមាតុភូមិ និងប្រជាជន ពីជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនោះលោកក៏បានក្រើនរំលឹកដល់កងកម្លាំងឱ្យយកចិត្តទុកដាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួនអោយបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖