ព័ត៌មានទាន់ហេតុការណ៍៖

វីវរហើយលើកនេះ! អ្នកផ្គត់ផ្គង់ជ្រូកនៅខាងថៃសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោនាយករដ្ឋមន្រ្តីជាបន្ទាន់ករណីសាច់ជ្រូកឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ នៅប្រទេសកម្ពុជា គឺដោយសារក្រសួងកសិកម្មប្រើជំនាញកុហកសម្តេចតេជោនាយករដ្ឋមន្រ្តីកំណត់យក១០ក្រុមហ៊ុននៅថៃសុទ្ធតែបក្ខពួកខ្លួន(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖  រឿងរ៉ាវនាំចូលសត្វជ្រូករស់ពីប្រទេសថៃមកកម្ពុជា កើតឡើងដដែលមិនចេះចប់មិនចេះហើយទាល់តែសោះ បង្កភាពក្តៅក្រហាយសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនថៃ មិនអាចរស់នៅបានសុខស្រួលក្រោមដំបូលសន្តិភាព។ 

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែង គ្រប់គ្រងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងវិបត្តិកូវីដ១៩ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់មួយចំនួន កុំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ការពារកុំឲ្យមានការឡើងថ្លៃទំនិញជាដើម។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រផងដែរ។

ប៉ុន្តែការខិតខំប្រឹងប្រែងរបស់សម្តេចនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តន៍បញ្ច្រាសទៅវិញ។ បញ្ច្រាស គឺការធ្វើឲ្យការកើនឡើងនៃតម្លៃសាច់ជ្រូក ដែលប្រជាជនត្រូវការបរិភោគជាចាំបាច់ប្រចាំថ្ងៃ។

តាមរយៈការចុះសម្ភាសន៍ដោយផ្ទាល់ជាមួយ អ្នកលក់សាច់ជ្រូកតាមផ្សារនានា ក្នុងរាជធានីភ្នំពេញ (មានវីដេអូសម្ភាសន៍ភ្ជាប់ជាមួយ)  សុទ្ធតែបញ្ជាក់ដូចៗគ្នាពីការកើនឡើង នៃតម្លៃសាច់ជ្រូកចន្លោះពី២៥០០០រៀល ដល់ ២៧០០០រៀល នាំឲ្យប្រជាពលរដ្ឋកាត់បន្ថយការបរិភោគ។ 

តើមានអ្វីនៅពីក្រោយខ្នងនៃការឡើងថ្លៃសាច់ជ្រូកនេះ ? តើក្រសួងកសិកម្មពិតជាបានឃុបឃិតឲ្យបក្ខពួកខ្លួន ដើម្បីបង្កើតមុខជំនួញសត្វជ្រូក នៅពីខាងក្រោយ ធ្វើជញ្ជក់ឈាមរាស្ត្រខ្មែរជាង១០លាននាក់ ដែលត្រូវបរិភោគសាច់ជ្រូករាល់ថ្ងៃ ត្រូវចំណាយលុយច្រើនជាងមុន? 

តើហេតុអ្វីបានសាច់ជ្រូករាស្ត្រខ្មែរឡើងថ្លៃ ក្តៅក្រហាយដល់រាស្ត្រថៃ លើករូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្រែកសុំអន្តរាគមន៍ជួយពួកគេទៅវិញ ? តើនរណាជាអ្នកទទួលខុសត្រូវ ចំពោះទង្វើបានធ្វើមើលប្រជាពលរដ្ឋស្លូតត្រង់ ដែលកំពុងរងគ្រោះដោយមិនដឹងខ្លួន ខណៈអ្នកសើចសប្បាយមានតែប៉ុន្មាននាក់នោះ? តើលើលោកនេះពិតជាមានកម្មពៀរមែនឬ ?   

ចំពោះសំណួរថា «តើហេតុអ្វីបានសាច់ជ្រូក នៅប្រទេសកម្ពុជាឡើងថ្លៃ?» ត្រូវបានអ្នកដឹងរឿងច្បាស់អះអាងថា ដោយសារតែក្រសួងកសិកម្មកម្ពុជា ប្រើជំនាញរបស់ខ្លួន កំណត់យកតែ១០ក្រុមហ៊ុននៅប្រទេសថៃ ដែលអាចមានសិទ្ធិផ្គត់ផ្គង់ ចូលមកក្រុមហ៊ុនតែ១ផ្តាច់មុខ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ (ការប្រកួតប្រជែងមិនស្មោះត្រង់)។ 

តើក្រសួងកសិកម្មរកលេសដូចម្តេច ដើម្បីកំណត់យកតែក្រុមហ៊ុនទាំង១០ (ក្រុមហ៊ុនថៃ) នោះចូលទៅក្នុងបញ្ជីផ្គត់ផ្គង់របស់ខ្លួន? គឺក្រសួងប្រើប្រាស់លក្ខខណ្ឌ ១២ចំណុច ដែលចំណុចទី១ ដល់ចំណុចទី១១ គឺក្រសួងកសិកម្មបានចម្លងចេញពីលិខិតចាក់វ៉ាក់សាំងដែលថៃ ចេញសំរាប់នាំជ្រូកចូលទៅវៀតណាម ដើម្បីបញ្ជាក់ថា សត្វជ្រូកមិនមានជំងឺទេ ហើយគ្រប់ក្រុមហ៊ុនថៃទាំងអស់ ដែលធ្លាប់នាំឆ្លងកាត់ទៅវៀតណាម សុទ្ធតែមានលិខិតចាក់វ៉ាក់សាំងនេះ ទើប  វៀតណាមឲ្យចូល។ ត្រង់ចំណុចនេះហើយដែលហ៊ានថា ក្រសួងកុហកសម្តេចតេជោ ហ៊ុន សែន ព្រោះចាប់តាំងពីថ្ងៃដែល ក្រសួងជ្រើសរើស១០ក្រុមហ៊ុននេះមក (ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងជ្រើសរើស០៥ក្រុមហ៊ុន និង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ជ្រើសរើសថែម០៥ក្រុមហ៊ុនទៀត សរុបមាន១០ក្រុមហ៊ុន) គឺក្រុមហ៊ុនទាំងនេះមិនដែលមានលិខិតចាក់វ៉ាក់សាំងចំនួន១១ចំណុចនេះ ផ្តល់មកឲ្យក្រុមហ៊ុន នាំចូលក្នុងស្រុកនោះទេ ចំណុចនេះតើក្រសួងដឹងទេ? ជាការពិតណាស់ គឺក្រសួងដឹង អីចឹងវិធានការ១១ ចំណុចទប់ស្កាត់ និងការពារជំងឺសត្វជ្រូករបស់ក្រសួង គឺកុហកសម្តេចតេជោ ។

អ្នកដឹងរឿងច្បាស់និយាយថា «បើក្រសួងមានភស្តុតាងណាមកបង្ហាញថា ក្រុមហ៊ុន១០នោះ មានភ្ជាប់លិខិតចាក់វ៉ាក់សាំងចេញដោយអាជ្ញាធរថៃ មុននាំចូលផ្គត់ផ្គង់ឲ្យក្រុមហ៊ុនក្នុងស្រុក ក្នុងប្រទេសកម្ពុជានោះ យើងខ្ញុំសុំទទួលខុសត្រូវចំពោះមុខច្បាប់ តែបើគ្មានទេ ក្រសួងត្រូវទទួលស្គាល់ថាបាន ភូតភរសម្តេចតេជោ និងកុហកប្រជាជនកម្ពុជាជាង១៦លាននាក់ រឿងវិធានការកំណត់ក្រុមហ៊ុនក្រោមលេសទប់ស្កាត់ជំងឺឆ្លងរបស់ខ្លួន»។

 (សូមជូនភ្ជាប់គំរូលិខិតចាក់វ៉ាក់សាំង ១១ចំណុច ជូនទៅវៀតណាមចេញ ដោយអាជ្ញាធរបសុសត្វនៅប្រទេសថៃ)  

សម្រាប់ចំណុចទី១២ គឺការធ្វើចត្តាឡីស័កសត្វជ្រូក នៅនឹងមាត់ច្រកព្រំដែនកម្ពុជា-ថៃ។ បើតាមជំនាញ ដែលក្រសួងកសិកម្មបានជ្រើសរើស ក្រុមហ៊ុនថៃទាំង១០នេះឡើង គឺមានន័យថា មុនផ្គត់ផ្គង់ជ្រូកចូលមកកម្ពុជា ក្រុមហ៊ុនទាំង១០នេះ ត្រូវមានលិខិតបញ្ជាក់ពីការធ្វើចត្តាឡីស័កជ្រូក នៅនឹងមាត់ច្រកព្រំដែនជាមុនសិន ទើបអាចអនុញ្ញាតឲ្យជ្រូកចូលមកកម្ពុជាបាន។

សួរថា ចាប់តាំពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្រសួងសម្រេចរើសយក១០ក្រុមហ៊ុនមក តើក្រុមហ៊ុនទាំង១០នេះ ដែលមានលិខិត  បញ្ជាក់ពីការធ្វើចត្តាឡីស័កសត្វជ្រូក នៅនឹងមាត់ច្រកព្រំដែន ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច នៅប្រទេសថៃដែរទេ មុននឹងផ្គត់ផ្គង់ឲ្យមកក្រុមហ៊ុនក្នុងស្រុក? បើមិនមានទេ គឺមានន័យថា ក្រសួងកសិកម្មភូតកុហកសម្តេចតេជោ

កុហកប្រជាជនកម្ពុជាជាង១៦លាននាក់  ឲ្យហូបសាច់ជ្រូកក្នុងតំលៃថ្លៃខ្លាំងណាស់ មួយរយៈកាលកន្លងមកនេះ ក្នុងកាលៈទេសៈដែលជ្រូករស់នៅប្រទេសថៃធ្លាក់ចុះយ៉ាងខ្លាំង សល់តែ៨០បាត/គីឡូ  កាលពីថ្ងៃសិល៍កន្លងទៅនេះ។ 

ត្រង់ចំណុចចត្តាឡីស័កនេះ សូមបញ្ជាក់ថា ជាទូទៅនៅប្រទេសថៃ គេធ្វើចត្តាឡីស័កសត្វជ្រូក នៅនឹងកសិដ្ឋានផ្ទាល់មុនចាប់នាំចេញ  គេមិនធ្វើនៅនឹងមាត់ច្រកទេ ព្រោះពិបាករកទីតាំង ហើយការចល័តសត្វជ្រូកពីកសិដ្ឋានយកមកធ្វើចត្តាឡីស័កនៅនឹងមាត់ច្រកព្រំដែន គឺមិនមានភាពងាយ ស្រួលនោះទេ។ 

(គំរូលិខិតបញ្ជាក់ពីការធ្វើចត្តាឡីស័កសត្វ នៅនឹងកសិដ្ឋានចេញ ដោយបសុសត្វប្រទេសថៃ ) 

តើហេតុអ្វីតម្លៃជ្រូកលក់លើទីផ្សារឡើងដល់ ២៥ ០០០រៀល ដល់២៧០០០រៀលដូច្នេះ ធ្វើឲ្យអ្នកលក់ពិបាកលក់ ហើយអ្នកទិញហូបមិនហ៊ានទិញបរិភោគ? 

សម្រាប់សំណួរនេះ ត្រូវបានអ្នកជំនាញបកស្រាយ បាននូវហេតុផល២ គឺ៖ 

ទី១: ដោយសារ១០ក្រុមហ៊ុននៅថៃ លក់គោលការណ៍ដែលក្រសួងកសិកម្មឲ្យទៅបក្ខពួករបស់គាត់នៅថៃ ៤បាត/គីឡូក្រាម (បើក្រុមហ៊ុនណាចង់ទិញ) ក្រុមហ៊ុនដែលលក់នៅថៃនោះគេថា គេមានភារកិច្ចឡើងលុយមកឲ្យ កូនថ្នាក់ដឹកនាំនៅក្រសួងកសិកម្ម ទើបគេលក់ថ្លៃហើយគោលការណ៍ខាងខ្មែរ ៧បាត/គីឡូ មានន័យថាទាំងសងខាងកម្ពុជា-ថៃ គឺស្មើនឹង១១បាត/គីឡូ (ក្រោមលេស១២ ចំណុចការពារជំងឺឆ្លងដែលបង្កឡើងដោយសត្វជ្រូក)  

ទី២: ដោយសារតែគ្មានការប្រកួតប្រជែងក្រុមហ៊ុនក្នុងស្រុក ព្រោះដៃគូផ្គត់ផ្គង់ជ្រូករបស់ក្រុមហ៊ុននាំចូល ក្នុងស្រុកទាំងអស់របស់ខ្លួននៅប្រទេសថៃ ត្រូវបានក្រសួងកសិកម្ម កាត់ផ្តាច់ចោលអស់ទៅហើយសព្វថ្ងៃនេះ តាមរយៈលេសទាំង១២ចំណុច គឺការពារជំងឺឆ្លងរបស់សត្វជ្រូកនេះឯង។

ដោយសារតែលេស១២ ចំណុចនេះហើយ ទើបកន្លងមកមានបណ្តាក្រុមហ៊ុនមួយចំនួនបាននាំគ្នា ធ្វើបាតុកម្មនៅនឹងមាត់ច្រកអូរស្មាច់ កាលពីកំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ហើយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅនឹងមាត់ច្រកខាវឌីន ខេត្តស្រះកែវ ប្រទេសថៃ ក៏មានក្រុមហ៊ុនធ្វើការទាមទារ  សុំការផ្តល់យុត្តិធម៌ សុំសិទ្ធិរកទទួលទានឡើងវិញ ព្រោះពួកគាត់ និង១០ក្រុមហ៊ុនដែលក្រសួងកសិកម្ម បានជ្រើសរើស គឺសុទ្ធតែជាក្រុមហ៊ុន  នាំចេញស្របច្បាប់ដូចគ្នាទាំងអស់នៅប្រទេសថៃ។ នេះដែលនិយាយថា «រាស្ត្រខ្មែរហូបសាច់ជ្រូកថ្លៃ ក្តៅក្រហាយដល់រាស្ត្រថៃ» ដែលគ្នាមានប្រពន្ធកូន ត្រូវចិញ្ចឹម តែមុខរបររាប់ឆ្នាំត្រូវបញ្ចប់។  

( រូបថតបញ្ជីក្រុមហ៊ុនផ្គត់ផ្គង់ជ្រូកនៅប្រទេសថៃ ដែលអគ្គនាយកដ្ឋានបសុសត្វថៃ ផ្ញើជូនក្រសួងកសិកម្ម រួមនឹងរូបថតបដាដែលក្រុមហ៊ុនថៃបានធ្វើការទាមទារកន្លងមក និងទាមទារសុំអង្វរសម្តេចតេជោ ជួយរកយុត្តិធម៌កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១)

ដើម្បីដោះស្រាយ នូវបញ្ហាប្រឈមមួយនេះ អ្នកផ្គត់ផ្គង់ជ្រូក «សូមសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់មេត្តា ពិនិត្យ និងសម្រេចអនុញ្ញាតឲ្យគ្រប់ក្រុមហ៊ុនថៃទាំងអស់ ដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋានបសុសត្វថៃ ទទួលបានសិទ្ធិផ្គត់ផ្គង់ជ្រូក ដល់ក្រុមហ៊ុនស្របច្បាប់ ក្នុងប្រទេសកម្ពុជា ទាំងអស់ដូចធម្មតាឡើងវិញ ព្រោះការជ្រើសរើសរបស់ក្រសួងកសិកម្មខុសធម្មតាធ្វើឲ្យតម្លៃសាច់ជ្រូក លើទីផ្សារកម្ពុជាឡើងថ្លៃខុសធម្មតាផងដែរ។ សូមជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ចៅប្រុស ចៅស្រី សូមទទួលបាននូវពុទ្ធពរទាំង៤ប្រកាសគឺ អាយុ វណ្ណៈ សុខៈ ពលៈជានិច្ចនិរន្តន៍រៀងទៅ»។ 

សូមជូនតម្លៃជ្រូកជាក់ស្តែងមកដល់កម្ពុជា ប្រសិនបើសម្តេចតេជោ បើកឲ្យធម្មតាឡើងវិញ:  

– តម្លៃថ្លៃដើម: ៨០បាត/kg =10640៛/kg 

– ស្រកគីឡូពីកសិដ្ឋាន: ១.៦បាត/kg = 212.8៛/kg 

– ថ្លៃឡានពីកសិដ្ឋានមក : ២បាត/kg = 266៛/kg

– ពន្ធបសុសត្វថៃ +គយថៃ:១បាត/kg = 133៛/kg

– ពន្ធគយខ្មែរ : = 330៛/kg

– ឡានដឹកខ្មែរ : = 120៛/kg

– ស្រកគីឡូ ពីព្រំដែនមកទីផ្សារ = 212.8៛/kg 

– ឈ្មួញយកចំណេញខាងថៃ = 133៛/kg

– ឈ្មួញយកចំណេញខាងខ្មែរ = 300៛/kg 

(សរុបតម្លៃមកដល់ទីផ្សារគួរតែត្រឹម: 12348៛)

(វីដេអូក្រុមការងារបានចុះសម្ភាសតាមទីផ្សារជាក់ស្តែង និងរបាយករណ៍សមាគមក្រោមក្រសួងកសិកម្ម តើមួយណាជាព័ត៌មានពិត ហើយមួយណាមិនពិត  ដើម្បីជូនសម្តេចតេជោ)៕

ដោយ៖សុខ ខេមរា


ចែករំលែក៖